រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងក្រោមការអនុញ្ញាតពី ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រធានគណៈកម្មការសុខភាពសិក្សា ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនសុជាតិ អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការសុខភាពសិក្សា បានដឹកនាំកិច្ចប្រជុំពីវឌ្ឍនភាព នៃកិច្ចការសុខភាពសិក្សា នៃក្រសួងសុខាភិបាលឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត។
កិច្ចប្រជុំគណៈកម្មការសុខភាពសិក្សា ដែលបានរៀបចំឡើងនៅក្នុងគោលបំណងរួមមាន ១)បទបង្ហាញពីវឌ្ឍនភាពនៃកិច្ចការសុខភាពសិក្សា នៃក្រសួងសុខាភិបាលឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តបន្ត ដែលតំណាងមកពីនាយកដ្ឋានការពារសុខភាព នាយកដ្ឋានមន្ទីរពេទ្យ នាយកដ្ឋានឱសថចំណីអាហារ បរិក្ខាពេទ្យ មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងថ្នាក់ខេត្តមាន ខេត្តកោះកុង និងខេត្តតាកែវ ២)ពិភាក្សាបញ្ហាប្រឈម ដែលបានជួបប្រទះក្នុងការអនុវត្តសកម្មភាពសុខភាពតាមគ្រឹះស្ថានសិក្សា ៣)សំណូមពរនិងដំណោះស្រាយ ដើម្បីជំរុញឱ្យសកម្មភាពក្នុងការកិច្ចការសុខភាពសិក្សាកាន់តែប្រសើរឡើង។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម បានសំណូមពរឱ្យ គ្រប់នាយកដ្ឋាន មជ្ឈមណ្ឌលជាតិ ដែលពាក់ព័ន្ធ និងថ្នាក់រាជធានី ខេត្ត ត្រូវផ្ញើរបាយការណ៍វឌ្ឍនភាពសុខភាពសិក្សាឱ្យបានទៀងទាត់មកលេខាធិការដ្ឋាន នៃគណៈកម្មការសុខភាពសិក្សាក្រសួងសុខាភិបាល និងពង្រឹងបន្ថែមនៅភារកិច្ចការងារសុខភាពសិក្សា ហើយមានកិច្ចសហការឱ្យបានរលូន ស្របគ្នាជាមួយនាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា និងសូមឱ្យមានការប្រជុំឱ្យបានទៀងទាត់ក្នុងរយៈពេល៣ខែម្តង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកជំទាវវេជ្ជបណ្ឌិត ឆាយគឹម សុទ្ធាវី ជាប្រធាននាយកដ្ឋានសុខភាពសិក្សា និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការអន្តរក្រសួងស្ដីពីសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ មន្រ្តីទទួលបន្ទុកផ្នែកសុខភាពសិក្សាថ្នាក់ រាជធានី ខេត្តទាំង២៥ និង មន្រ្តីតាមនាយកដ្ឋាន មជ្ឈមណ្ឌលជាតិ ដែលមានការពាក់ព័ន្ធនឹងសុខភាពសិក្សា សរុបចំនួន ១១០រូប។