ខេត្តកំពង់ឆាំ្នង ៖ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងទទួលបានការចង្អុលបង្ហាញពី ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ និងលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងនោះថ្នាក់ដឹកនាំក្រសួងសុខាភិបាលដឹកនាំដោយ ឯកឧត្តមសាស្រ្តាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាលរួមជាមួយលោកវេជ្ជបណ្ឌិត ឃូ អ៊ាងអ៊ូ អនុប្រធាននាយកដ្ឋានផែនការនិងព័ត៌មានសុខាភិបាល និង លោក ស៊្រន សៀវប៉ាវ មន្រ្តីជំនួយការបានចុះទៅពិនិត្យស្ថានភាពនៃមណ្ឌលសុខភាពចំនួន៦ នៅខេត្តកំពង់ឆ្នាំង។
ការចុះត្រួតពិនិត្យនេះធ្វើឡើងដើម្បីជួយគាំទ្រ ជំរុញលើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌បេសកកម្មនេះក្រុមការងារបានជួបប្រជុំជាមួយ ឯកឧត្តម ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆាំ្នង និងមានការអញ្ជើញចូលរួមពិភាក្សាជាមួយថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ឆ្នាំង ហើយពិនិត្យការងារជារួមដោយសង្កត់ធ្ងន់លើ៨ចំណុច៖
១-ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលដោយកែលម្អអគារ និងស្ថានភាពបរិស្ថានជុំវិញមណ្ឌលសុខភាព
២-ធនធានមនុស្សវិស័យសុខាភិបាលដោយពង្រឹងសមត្ថភាពបុគ្គលិក និងការគ្រប់គ្រងធនធានមនុស្ស
៣-ការគ្រប់គ្រងការចែកចាយឱសថ និងវ៉ាក់សាំងរួមទាំងការបំពាក់សម្ភារៈបរិក្ខារពេទ្យបនែ្ថម និងការគ្រប់គ្រងឱសថ
៤-លទ្ធភាពគ្រប់គ្រងក្នុងការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ
៥-ការបំពេញការងារប្រចាំការនិងបម្រើសេវា២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សបា្តហ៍
៦-ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺពិសេសមធ្យោបាយសេវាបញ្ជូននិងប្រព័ន្ធទំនាក់ទំនង
៧-ស្វែងរកបញ្ហាឱ្យឃើញ និងដោះស្រាយឱ្យចំគោលដៅ
៨-ការធ្វើបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរង ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
គួរបញ្ជាក់ផងដែរ ថាមណ្ឌលសុខភាពដែលចុះត្រួតពិនិត្យមានដូចជាមណ្ឌលសុខភាពផ្លូវទូក ច្រណូកស្វាយរំពារ កំពង់ហៅ ផ្សារឆ្នាំង និងកំពង់ឆ្នាំង ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ឆ្នាំង។