ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ អគ្គនាយករងបច្ចេកទេសសុខាភិបាល បានអញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីសេវាសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់ និងនីតិវិធីស្តង់ដានៃការបញ្ជូនអ្នកជំងឺ ដែលមានរយៈពេល៥ថ្ងៃ គឺគិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាពជាគ្រូបង្គោលរបស់មន្ត្រីសុខាភិបាលតាមមន្ទីរពេទ្យខេត្ត និងស្រុក ព្រមទាំងឈានទៅរកការបណ្តុះបណ្តាលជាបន្តដល់មណ្ឌលសុខភាពដើម្បីជំរុញសេវាសុខាភិបាលកាន់តែមានគុណភាពប្រសើរឡើង។
ឯកឧត្តមសាស្រ្តាចារ្យ សុខ ជួរ បានចូលរួមប្រជុំបច្ចេកទេសក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បន្ទាប់មកឯកឧត្តមបានដឹកនាំក្រុមការងារគ្រូបង្គោល និងសិក្ខាកាមចុះពិនិត្យជំងឺដោយបានដឹកនាំចុះអនុវត្តផ្ទាល់នៅតាមផ្នែកផ្សេងៗក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងរួមមានផ្នែកសង្គ្រោះបន្ទាន់ ផ្នែកជំងឺធ្ងន់ (ICU) ផ្នែកជំងឺទូទៅ ផ្នែកវះកាត់ជាដើម ដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងដល់សិក្ខាកាម ក៏ដូចជាមន្ត្រីសុខាភិបាលដែលបម្រើការងារនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងផងដែរ។ ឯកឧត្តមសាស្ត្រាចារ្យក៏បានកោតសរសើរពីសមិទ្ធផល និងការខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំងដែលបានខិតខំអភិវឌ្ឍខ្លួនបានប្រសើរ និងបានថ្លែងអំណរគុណដល់កិច្ចសហការណ៍របស់មន្ទីរពេទ្យដែលបានផ្តល់ទីកន្លែងសម្រាប់ការអនុវត្ត និងធ្វើឱ្យវគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅបានល្អប្រសើរលើសពីការគ្រោងទុក។
ឯកឧត្តមសាស្ត្រាចារ្យបានផ្តល់អនុសាសន៍ណែនាំដល់សិក្ខាកាម ក៏ដូចជាបុគ្គលិកក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងផងដែរ ត្រូវយកចិត្តទុកដាក់លើការពិនិត្យជំងឺ និងត្រូវខិតខំស្វែងយល់នូវចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីជំរុញលើកកម្ពស់គុណភាពសេវាសុខាភិបាលក្នុងព្រះរាជាណាចក្រកម្ពុជាកាន់តែប្រសើរ និងទទួលបានការទុកចិត្តពីប្រជាជនកាន់តែច្រើន។