ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃចន្ទ ៥រោច ខែមាឃ ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ បានចូលរួមក្នុងពិធីបើកសិក្ខាសាលាស្ដីពី ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ការរកមេរោគ និងការធ្វើរោគវិនិច្ឆ័យសម្រាប់ពពួកមេរោគដែលមានការគំរាមកំហែងខ្ពស់ នៅសណ្ឋាគារ អិល ប៊ី អិន អាស៊ាន។
គោលបំណងនៃសិក្ខាសាលានេះមានដូចខាងក្រោម៖
- ពង្រឹងជំនាញបច្ចេកទេសក្នុងដំណើរការរកឱ្យឃើញ និងកំណត់អត្តសញ្ញាណភ្នាក់ងារបង្ករោគដែលមានហានិភ័យកម្រិតខ្ពស់ដោយតម្រូវការកម្រិតបច្ចេកទេសក្នុងមន្ទីរពិសោធន៍ ដែលមានសមត្ថភាពខ្ពស់ ពិសេសមន្ទីរពិសោធន៍ Microbiology
- ពង្រឹងការអនុវត្តជីវសុវត្ថិភាព និងជីវសន្តិសុខ លើការគ្រប់គ្រងកម្រិតហានិភ័យ ដើម្បីធានាបាននូវការគ្រប់គ្រងនិងដំណើរការប្រកបដោយសុវត្ថិភាព នៃភ្នាក់ងារជីវសាស្ត្រគ្រោះថ្នាក់
- កែលម្អការសម្របសម្រួលក្នុងចំណោមមន្ទីរពិសោធន៍ស្ថាប័នសុខភាពសាធារណៈ និងអ្នកពាក់ព័ន្ធដើម្បីឆ្លើយតបទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះការផ្ទុះឡើងតាមរយៈការធ្វើរោគវិនិច្ឆ័យ
- ពង្រឹងការប្រើប្រាស់ឧបករណ៍ឌីជីថល និងប្រព័ន្ធព័ត៌មានមន្ទីរពិសោធន៍ដើម្បីសម្រួលលំហូរការងារក្នុងការវិនិច្ឆ័យ និងការរាយការណ៍ទិន្នន័យ។
សិក្ខាសាលានេះរៀបចំឡើងដោយការិយាល័យ មន្ទីរពិសោធន៍នៃនាយកដ្ឋានមន្ទីរពេទ្យ និងមានការជួយឧបត្ថម្ភពីអង្គការមជ្ឈមណ្ឌលអភិវឌ្ឍន៍សុខភាព និងសង្គម ដោយមានការចូលរួមពីសំណាក់មន្រ្តីបច្ចេកទេសមន្ទីរពិសោធន៍មកពីមន្ទីរពេទ្យថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ និងអង្គការដៃគូ សរុបចំនួន២៥នាក់។