Cambodia
ព័ត៌មានលំអិត

Image
ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីសេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ
ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២៥

ខេត្តកំពត៖ ថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារគ្រូបង្គោលថ្នាក់ជាតិពង្រឹងសមត្ថភាពសង្គ្រោះបន្ទាន់ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីសេវាសង្គ្រោះបឋម  សង្គ្រោះបន្ទាន់ និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ ដោយវគ្គបណ្តុះបណ្តាលនេះមានរយៈពេលចំនួន៥ថ្ងៃ (ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥)។

គោលបំណងនៃវគ្គបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យ និងបុគ្គលិកដែលបម្រើការងារនៅផ្នែកសង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូននៅតាមមន្ទីរពេទ្យ និងធ្វើជាគ្រូឧទ្ទេសនាមដើម្បីបណ្ដុះបណ្ដាលបន្តអំពីវិធីសង្គ្រោះបឋម និងប្រព័ន្ធបញ្ជូនទៅដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកដែលបម្រើការងារនៅតាមមណ្ឌលសុខភាព។

ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់ជាអនុសាសន៍ដល់សិក្ខាកាមទាំងអស់ឱ្យខិតខំត្រងត្រាប់ស្ដាប់ការពន្យល់ណែនាំ និងការចែករំលែកបទពិសោធន៍ពីក្រុមគ្រូបង្គោលថ្នាក់ជាតិដែលមកពីផ្នែកសង្រ្គោះបន្ទាន់របស់មន្ទីរពេទ្យជាតិដែលមានបទពិសោធន៍យូរឆ្នាំ និងណែនាំដល់សិក្ខាកាមទាំងអស់ក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាលនេះត្រលប់ទៅបំពេញការងារនៅតាមមន្ទីរពេទ្យរបស់ខ្លួនវិញឱ្យខិតខំយកចិត្តទុកដាក់បំពេញការងារឱ្យបានកាន់តែល្អប្រសើរជាងមុន និងធ្វើការចែករំលែកនៅចំណេះដឹងទាំងនេះទៅដល់សហភាតរៈជាគិលានុបដ្ឋាក និងគ្រូពេទ្យដែលបម្រើការងារនៅក្នុងមន្ទីរពេទ្យជាមួយគ្នា ដើម្បីជួយគ្នាក្នុងការផ្ដល់សេវាសង្គ្រោះបន្ទាន់នេះឱ្យកាន់តែមានប្រសិទ្ធភាពនៅក្នុងមន្ទីរពេទ្យរបស់ខ្លួន។ 

វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ អគ្គនាយករងបច្ចេកទេសសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត សុខ ស្រ៊ុន ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ក្រុមគ្រូបង្គោលថ្នាក់ជាតិមកពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យតេជោសន្តិភាព និងក្រុមសម្របសម្រួលពីការិយាល័យគិលានុបដ្ឋាក និងឆ្មប និងសិក្ខាកាមចូលរួមសរុប ៤៥រូប មកពីខេត្តកោះកុង ខេត្តកែប ខេត្តព្រះសីហនុ និងមន្ទីរពេទ្យខេត្តកំពត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10