រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងការណែនាំរបស់ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន គ.ថ.ព.វ.ជ. ឯកឧត្តមវេជ្ជ. ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធាន គ.ថ.ព.វ.ជ. បានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈកម្មការសម្របសម្រួលសម្រាប់ការថែទាំ និងព្យាបាលវេជ្ជសាស្ត្រថ្នាក់ជាតិនៃក្រសួងសុខាភិបាល នៅទីស្តីការក្រសួងសុខាភិបាល និងតាមរយៈប្រព័ន្ធអនឡាញ ZOOM។
កិច្ចប្រជុំនេះមានគោលបំណងតាមដាននូវវឌ្ឍនភាពការងាររបស់អនុគណៈកម្មការនិងក្រុមការងារនីមួយៗ ចំណុះ គ.ថ.ព.វ.ជ. និងពិនិត្យសម្រេចលើប្រធានបទដែលបានរៀបចំឡើងដោយអនុគណៈកម្មការនិងក្រុមការងារនីមួយៗ ព្រមទាំងកំណត់ទិសដៅការងារបន្ត។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ សាស្ត្រាចារ្យ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា មន្ត្រីរាជការក្រសួងសុខាភិបាល លោក លោកស្រី ដែលជាសមាជិកនៃគណៈកម្មការ ក្រុមការងារ និងតំណាងអង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំងមន្ត្រីពាក់ព័ន្ធ សរុបទាំងអស់ ចំនួន ៤០ រូប។