Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំលើកទី៥ របស់គណ:កម្មការសល្យសាស្រ្តសម្ភព និងសណ្តំថ្នាក់ជាតិនៃក្រសួងសុខាភិបាល
ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៥

ទីស្តីការក្រសួងសុខាភិបាល៖ នារសៀលថ្ងៃពុធ ៧រោច ខែមាឃ ឆ្នំារោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជា “ប្រធានគណ:កម្មការសល្យសាស្រ្តសម្ភព និងសណ្តំ(សសស) ថ្នាក់ជាតិនៃក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំលើកទី៥ របស់គណ:កម្មការ(សសស) នៃក្រសួងសុខាភិបាល ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូសន្និសីទ (ហាយប្រ៊ីត)។

កិច្ចប្រជុំលើកទី៥ របស់គណ:កម្មការសល្យសាស្រ្តសម្ភព និងសណ្តំថ្នាក់ជាតិនៃក្រសួងសុខាភិបាលមានគោលបំណងពិនិត្យពីវឌ្ឍនភាពការងារ និងពិភាក្សាអំពីដំណើរការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាតិស្តីពីសល្យសាស្រ្តសម្ភព និងសណ្តំ ដើម្បីដាក់អនុវត្តនៅក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាពដែលមានបំរើសេវាសល្យសាស្រ្ត ២០២៥-២០៣០។

កិច្ចប្រជុំរៀបចំឡើង ក្នុងគោលបំណងគាំទ្រនូវដំណើរការរៀបចំ គោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាតិ ស្តីពីសល្យសាស្រ្តសម្ភពនិងសណ្តំ សម្រាប់អនុវត្តក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាពឆ្នាំ ២០២៥-២០៣០។ ផែនការយុទ្ធសាស្ត្រជាតិនេះ ពិតជាមានសារសំខាន់ណាស់ ដើម្បីពង្រឹង និងលើកកំពស់គុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធ៌មជូនប្រជាពលរដ្ឋគ្រប់ៗគ្នា។ ផែនការយុទ្ធសាស្ត្រជាតិនេះគឺស្របទៅនឹងគោលនយោបាយក្រសួងសុខាភិបាល ពិសេសគឺរួមចំណែកឱ្យសម្រេចបាននូវគោលនយោបាយគ្របដណ្តប់សុខភាពជាសកលឆ្នាំ២០២៤-២០៣៥ របស់រាជរដ្ឋាភិបាល។ ដើម្បីកសាងផែនការយុទ្ធសាស្ត្រជាតិ ដោយត្រូវប្រមូលសូចនាករណ៍សំខាន់ៗពីមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែករាជធានីខេត្តស្រុកទាំងអស់ ដើម្បីធ្វើជាមូលដ្ឋានវិភាគ បង្កើតគោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាតិស្តីពីសល្យសាស្រ្តសម្ភព និងសណ្តំ ប្រកបដោយប្រសិទ្ធភាព។

នៅក្នុងកិច្ចប្រជុំនេះឯកឧត្តមសាស្រ្តាចារ្យប្រធាន បានផ្តល់អនុសាសន៍ដល់អង្គប្រជុំថា ការកសាងធនធានមនុស្សគឺជាកតក្តាចំបងបំផុត ដូច្នេះគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលជាពិសេសសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលត្រូវខិតខំបង្កើនការបណ្តុះបណ្តាលវេជ្ជបណ្ឌិតឯកទេស គិលានុបដ្ឋាក-យិកា និងឆ្មបអោយបានសមស្រប ទាំងបរិមាណនិងគិណភាព។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមផ្ទាល់ដោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រីសាស្រ្តាចារ្យជាអនុប្រធានគណកម្មការជាតិ ប្រធានអនុប្រធាននាយកដ្ឋាន នាយករងមន្ទីរពេទ្យជាតិ តំណាងក្រុមការងារសល្យសាស្រ្តសម្ភពនិងសណ្តំ មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដៃគូអភិវឌ្ឍន៍ ចំនួន ៣៥រូប និងតាមរយ:ប្រព័ន្ធវីដេអូសន្និសីទរួមមាន នាយក នាយករងមន្ទីរពេទ្យជាតិក្រុមការងារមន្ទីរពេទ្យជាតិមជ្ឈមណ្ឌលជាតិ ឯកឧត្តម លោកជំទាវលោក ប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានគ្រប់មន្ទីរពេទ្យបង្អែក រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រុមការងារមន្ទីរពេទ្យបង្អែក រាជធានីខេត្ត និងមន្រ្តីផ្នែកសល្យសាស្រ្តសម្ភព និងសណ្តំមន្ទីរពេទ្យបង្អែក ក្រុង ស្រុក ខ័ណ្ឌ ចំនួន ២៣៦នាក់ សរុបរួម២៧១រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10