Cambodia
ព័ត៌មានលំអិត

Image
ការចុះអភិបាលគាំទ្រ និងពិនិត្យវឌ្ឍនភាពការផ្ដល់សេវាសុខាភិបាល នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ជុំទី៣
ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៥

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចុះពង្រឹងមន្ទីរពេទ្យខេត្ត បានដឹកនាំក្រុមការងារចុះអភិបាលគាំទ្រ និងពិនិត្យវឌ្ឍនភាពការផ្ដល់សេវាសុខាភិបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ជុំទី៣។ 

នៅក្នុងដំណើរចុះអភិបាលគាំទ្រ និងពិនិត្យវឌ្ឍនភាពជុំទី៣នេះ ឯកឧត្តមរដ្ឋលេខាធិការ បានពិនិត្យឃើញថាមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងមានការផ្លាស់ប្ដូរកែសម្រួលហេដ្ឋារចនាសម្ព័ន្ធ និងការផ្ដល់សេវាបានល្អប្រសើរយ៉ាងឆាប់រហ័សក្នុងរយៈពេលមួយឆ្នាំចុងក្រោយមកនេះ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានវាយតម្លៃខ្ពស់ទៅលើការខិតខំយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលក៏ដូចជាថ្នាក់ដឹកនាំមន្ទីរពេទ្យខេត្តរួមនិងបុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់នៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងដែលបានធ្វើការកែសម្រួលបានយ៉ាងឆាប់រហ័សនូវការផ្ដល់សេវាប្រកបដោយគុណភាព និងមានភាពស្រស់បំព្រងរបស់មន្ទីរពេទ្យ និងបានបង្កើនសមត្ថភាពនៃការផ្ដល់សេវាព្យាបាលផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ និងផ្នែកផ្សេងៗទៀតបានយ៉ាងល្អប្រសើរ។ 

ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសង្កេតឃើញនូវចំណុចខ្វះខាតមួយចំនួនតូចដែលត្រូវការកែលម្អ និងត្រូវខិតខំយកចិត្តទុកដាក់បន្ថែមទៀតដើម្បីឱ្យមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងនេះក្លាយជាមន្ទីរពេទ្យមានលក្ខណៈកាន់តែល្អប្រសើរឡើងថែមទៀតទៅលើផ្នែកបច្ចេកទេស និងការងារគ្រប់គ្រងរួមទាំងក្រមសីលធម៌វិជ្ជាជីវៈរបស់បុគ្គលិកសុខាភិបាលនៅក្នុងមន្ទីរពេទ្យ។ 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់នៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដែលបានខិតខំបំពេញការងារផ្ដល់សេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរ។ 

គួរបញ្ជាក់ផងដែរការចុះត្រួតពិនិត្យនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7