Cambodia
ព័ត៌មានលំអិត

Image
ការចុះអភិបាលគាំទ្រ និងពិនិត្យវឌ្ឍនភាពការផ្ដល់សេវាសុខាភិបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ជុំទី៣
ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២៥

ខេត្តពោធិ៍សាត់៖ នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចុះពង្រឹងមន្ទីរពេទ្យខេត្ត បានដឹកនាំក្រុមការងារចុះអភិបាលគាំទ្រ និងពិនិត្យវឌ្ឍនភាពការផ្ដល់សេវាសុខាភិបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ជុំទី៣។

នៅក្នុងដំណើរចុះអភិបាលគាំទ្រ និងពិនិត្យវឌ្ឍនភាពជុំទី៣នេះ ឯកឧត្តមរដ្ឋលេខាធិការ បានចុះពិនិត្យនៅតាមផ្នែកផ្ដល់សេវាជាពិសេសផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ និងផ្នែកដទៃទៀតនៅក្នុងមន្ទីរពេទ្យ ដោយបានសង្កេតឃើញថាមន្ទីរពេទ្យមានការផ្លាស់ប្ដូរកែសម្រួលហេដ្ឋារចនាសម្ព័ន្ធ និងការផ្ដល់សេវាបានល្អប្រសើរយ៉ាងឆាប់រហ័សក្នុងរយៈពេលមួយឆ្នាំចុងក្រោយមកនេះ។បន្ទាប់ពីការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសក្នុងការផ្ដល់សេវាព្យាបាល និងចូលសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរួចមក ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានជួបប្រជុំជាមួយនឹងថ្នាក់ដឹកនាំមន្ទីរពេទ្យ ប្រធានផ្នែក និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តពោធិ៍សាត់ ដើម្បីផ្ដល់ព័ត៌មានត្រឡប់ និងលើកយកចំណុចខ្វះខាតដើម្បីធ្វើការកែលម្អ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការក្នុងនាម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងលើកទឹកចិត្តដល់បុគ្គលិកទាំងអស់នៃមន្ទីរពេទ្យខេត្តពោធិ៍សាត់ ដែលបានខិតខំផ្ដល់សេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវា នឹងបានណែនាំឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យពិនិត្យមើលចំនុចខ្វះខាតមួយចំនួនដើម្បីធ្វើការកែលម្អដូចជា រៀបចំរំហូរអ្នកជំងឺចូលពិគ្រោះជំងឺក្រៅ និងរៀបចំផ្នែកពិគ្រោះជំងឺក្រៅឱ្យបានល្អស្អាតជាងពេលបច្ចុប្បន្ននេះបន្ថែមទៀតដើម្បីផ្ដល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋមកប្រើប្រាស់សេវា និងយកចិត្តទុកដាក់បង្កើនសមត្ថភាពការងារបច្ចេកទេសផ្នែកសង្គ្រោះបន្ទាន់កម្រិតធ្ងន់ និងផ្នែកវះកាត់របស់មន្ទីរពេទ្យ។

គួរបញ្ជាក់ផងដែរការចុះត្រួតពិនិត្យនេះមានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់ និងថ្នាក់ដឹកនាំមន្ទីរពេទ្យខេត្តពោធិ៍សាត់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9