រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ដល់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវសាស្ត្រាចារ្យ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាប្រចាំឆ្នាំ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី “ការពិនិត្យសុខភាព និងព្យាបាលជំងឺមហារីកមាត់ស្បូន” ដែលមានសមាសភាពចូលរួមជាប្រធាន ឬអនុប្រធាន ប្រធានគាំពាមាតានិងទារក ប្រធានគណនេយ្យរបស់មន្ទីរសុខាភិបាលខេត្តចំនួន២០ ប្រធាន ឬអនុប្រធាន ប្រធានគាំពាមាតានិងទារក មកពីការការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន៦១ ក្រោមគម្រោងលើកកម្ពស់គុណភាពសមធម៌សុខាភិបាល ដំណាក់កាលទី២ និងមូលនិធិកូហ្វី សម្រាប់ការថែទាំសុខភាពអន្តរជាតិ (KOFIH)។
ពិធីនេះរៀបចំឡើងនៅខេត្តសៀមរាប ក្នុងគោលបំណងដើម្បីពិនិត្យឡើងវិញ នូវវឌ្ឍនភាព សកម្មភាពផ្តល់សេវាពិនិត្យសុខភាព និងព្យាបាលជំងឺមហារីកមាត់ស្បូន ចែករំលែកបទពិសោធន៍ពីសកម្មភាពផ្តល់សេវាពិនិត្យសុខភាព និងព្យាបាលជំងឺមហារីកមាត់ស្បូន របស់មន្ទីរសុខាភិបាល និងដៃគូអភិវឌ្ឍន៍ ផ្សព្វផ្សាយ ពីសេចក្តីណែនាំ សម្រាប់ការអនុវត្តកម្មវិធីជាតិពិនិត្យសុខភាព និងព្យាបាលជំងឺមហារីកមាត់ស្បូននៅថ្នាក់ក្រោមជាតិ ពិភាក្សារួមពីចំណុចខ្លាំង ចំណុចខ្សោយ និងដំណោះស្រាយសម្រាប់អនុវត្តកម្មវិធីពិនិត្យសុខភាពមាត់ស្បូន ក្នុងឆ្នាំ២០២៥ អាចសម្រេចបានដល់គោលដៅដែលបានកំណត់។
សិក្ខាសាលារៀបចំនាពេលនេះ ក៏បានចែករំលែក បទពិសោធន៍ល្អៗ និងដំណោះស្រាយនូវឧបសគ្គដែលជួបប្រទះក្នុងពេលអនុវត្តកម្មវិធីកន្លងមករបស់ខេត្តនីមួយៗ ដែលអាចឱ្យខេត្ត ឬស្រុកប្រតិបត្តិអាចយកនូវចំណុចល្អៗ ទៅអនុវត្តការងារបន្តឱ្យស្របទៅតាមសេចក្តីណែនាំ សម្រាប់អនុវត្តកម្មវិធីជាតិពិនិត្យរក និងព្យាបាលជំងឺមហារីកមាត់ស្បូននៅថ្នាក់ក្រោមជាតិ។