រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃច័ន្ធ ១២ រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារសុខាភិបាលចូលរួមក្នុង “កិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ការបរទេស លើកទី៣ រវាងកម្ពុជា និងឥណ្ឌា រៀបចំនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
កិច្ចប្រជុំដ៏មានសារ:សំខាន់នេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ឃាង រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ជាលទ្ធផលតាមការគ្រោងទុក អង្គប្រជុំបានផ្តោតសំខាន់លើការចែករំលែក និងប្រមូលព័ត៌មាន ពិសេសការពិនិត្យវឌ្ឈនភាពនៃការសហការ និងកិច្ចសហប្រត្តិបត្តិការ រវាងកម្ពុជា និងឥណ្ឌា ជារួមនិងតាមបណ្តាក្រសួង និងស្ថាប័នពាក់ព័ន្ធជាទ្វេភាគី ដើម្បីត្រៀមរៀបចំ កិច្ចប្រជុំពិគ្រោះយោប់ការបរទេសលើកទី៣ រវាងកម្ពុជា និងឥណ្ឌា ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ហើយដែល គ្រោងនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោក លោកស្រី ជាតំណាងនៃក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង មន្ត្រីពាក់ព័ន្ធ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងអ្នកពាក់ព័ន្ធចូលរួមទាំងអស់សរុបមាន ចំនួន ៥២រូប។