ខេត្តសៀមរាប៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងទទួលបានសេវាចង្អុលបង្ហាញពី ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិកាក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិកាក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យមណ្ឌលសុខភាពនៅខេត្តសៀមរាប ដែលមានការសម្របសម្រួលពីមន្ត្រីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រមទាំងមន្ត្រីការិយាល័យស្រុកប្រតិបត្តិ។
ការចុះពិនិត្យនេះធ្វើឡើងដើម្បីជួយគាំទ្រជំរុញលើកទឹកចិត្ត និងពង្រឹងការផ្ដល់សេវាពិនិត្យព្យាបាលថែទាំជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាពខ្ពស់ សក្តិសិទ្ធិភាពនិងសមធម៌ ដោយផ្តោតលើចំណុចសំខាន់ៗដូចជា៖
១. ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុងនិងជុំវិញមណ្ឌលសុខភាព
២. ពង្រឹងសមត្ថភាពបុក្គលឹក ការគ្រប់គ្រងធនធានមនុស្ស
៣. ការគ្រប់គ្រងឱសថ វ៉ាក់សាំង និងការថែទាំសម្ភារៈបរិក្ខារពេទ្យ
៤. ការបដិសណ្ឋារកិច្ចក្នុងការផ្ដល់សេវា
៥. ការបំពេញការងារ ការប្រចាំនិងបម្រើសេវា២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្ដាហ៍
៦. ការលើកកម្ពស់សេវាបញ្ជូននិងប្រព័ន្ធទំនាក់ទំនង
៧. ការបណ្ដុះបណ្ដាលបន្ថែមលើបច្ចេកទេសនិងប្រព័ន្ធឌីជីថល
៨. ជំរុញមណ្ឌលសុខភាពអោយមានការវិវត្តន៍ពីល្អមធ្យមទៅល្អបង្គួរនិងឈានទៅល្អប្រសើរ។
ឆ្លៀតឱកាសនោះដែរ លោកជំទាវអនុរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញការងារផ្តល់សេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ហើយសូមបង្កើនការខិតខំបន្តទៀត ។
គួរបញ្ជាក់ផងដែរ មណ្ឌលសុខភាពដែលបានចុះពិនិត្យរួមមាន មណ្ឌលសុខភាពស្វាយចេក មណ្ឌលសុខភាពសៀមរាប មណ្ឌលសុខភាពគោកចក មណ្ឌលសុខភាពឃុនរាម មណ្ឌលសុខភាពបន្ទាយស្រី មណ្ឌលសុខភាពជប់តាត្រាវ មណ្ឌលសុខភាពពាក់ស្លែង មណ្ឌលសុខភាពអង្គរធំ។