រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១៤ រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំក្រុមការងារអប់រំសុខភាព និងលើកកម្ពស់សុខភាពលេីកទី១២ ក្នុងគោលបំណង ដើម្បីពិនិត្យលើវឌ្ឍនភាព ពិភាក្សា និងកំណត់កិច្ចការដែលត្រូវធ្វេីជាបន្តបន្ទាបលសម្រាប់ការងារអប់រំ និងលើកកម្ពស់សុខភាព ។
កិច្ចប្រជុំនេះបានរៀបចំឡើងដោយ មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព (NCHP) និងមានការចូលរួមពីក្រុមការងារសរុបចំនួន ២៦ នាក់ រួមមាន មន្ត្រីបង្គោលមកពីនាយកដ្ឋានពាក់ព័ន្ធដូចជា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នាយកដ្ឋានការពារសុខភាព នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសំអាង មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងកាមរោគ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មជ្ឈមណ្ឌលជាតិផ្ដល់ឈាម មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត និងតំណាងអង្គការដៃគូក្នុងវិស័យសុខាភិបាល។