Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំរួមលេខាធិការដ្ឋាន ក្រុមប្រឹក្សាសហគមន៍អាស៊ានទាំងបី (ASEAN Pillars)
ថ្ងៃទី ០១ ខែ មិនា ឆ្នាំ ២០២៥

នាថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី  ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារសុខាភិបាលអាស៊ាន ចូលរួមកិច្ចប្រជុំរួមរបស់លេខាធិការដ្ឋានក្រុមប្រឹក្សាសហគមន៍អាស៊ានទាំងបី ដែលជាកិច្ចប្រជុំដ៏សំខាន់ក្នុងការចែករំលែកព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីនានា ក្រោមសសរស្តម្ភសហគមនយោបាយសន្តិសុខ សសរស្តម្ភសហគមសេដ្ឋកិច្ច និងសសរស្តម្ភសហគមសង្គម វប្បធម៌ និងដើម្បីផ្តល់ធាតុចូលជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រៀបចំឯកសារនានាសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ​ នាខែឧសភា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបានផ្តល់មតិសំណេះសំណាល និងផ្តល់អនុសាសន៍សំខាន់ៗដល់អង្គប្រជុំ ដើម្បីពិភាក្សានិងកំណត់ជំហររួមសម្រាប់កម្ពុជាលើការងារការទូត ដោយឈរលើគោលការណ៍ កិច្ចសហប្រតិបត្តិការឯករាជ្យផ្អែកលើច្បាប់។ បន្ទាប់មក កិច្ចប្រជុំត្រូវបានបន្តដឹកនាំសម្របសម្រួលដោយ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ានកម្ពុជា  និងមានការអញ្ជើញចូលរួម ពីតំណាងក្រសួង/ស្ថាប័នដែលជាក្រុមការងារ នៃសសរស្តម្ភទាំងបី សរុបជាង៦០នាក់។

គោលបំណងនៃកិច្ចប្រជុំគឺ៖ ១)ពិនិត្យនិងពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តសកម្មភាពនានាក្រោមសសរស្តម្ភនយោបាយសន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌  ២) ពង្រឹងកិច្ចសហការនិងសហប្រតិបត្តិការ រវាងក្រុមប្រឹក្សាសហគមន៍ទាំងបី ដើម្បីធានាការអនុវត្តគម្រោងនានាឱ្យកាន់តែមានប្រសិទ្ធភាព និង ៣)កំណត់ អាទិភាព និងបញ្ហាប្រឈមនានា ជាពិសេសក្នុងតួនាទីជាអ្នកសម្របសម្រួលអាស៊ាន-អាមេរិក។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានរាយការណ៍ពីវឌ្ឍនភាពក្នុងវិស័យសុខាភិបាលក្រោមក្របខ័ណ្ឌអាស៊ាន ជាពិសេសលទ្ធផលដែលសម្រេចបានក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាល អាស៊ាន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តិទៅកាលពីខែសីហា ឆ្នាំ២០២៤ នៅប្រទេសឡាវ ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9