នារសៀលថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនៃគណៈកម្មការជាតិរៀបចំប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់ឱកាសជូនដល់លេខាធិការដ្ឋាន នៃគណៈកម្មការ និងអនុគណៈកម្មការ ដើម្បីរាយការណ៍ពីវឌ្ឍនភាព រួមទាំងបានលើកឡើងពិភាក្សា ពីកិច្ចការងារពាក់ព័ន្ធដើម្បីរៀបចំដំណើរការកិច្ចការងារសម្រាប់កិច្ចប្រជុំកំពូលនេះ។ អនុគណៈកម្មការនីមួយៗបានទទួលអនុសាសន៍ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការ ក្នុងការរៀបចំផែនការសកម្មភាព នៃអនុគណៈកម្មការនីមួយៗ ដូចជាការរៀបចំបង្កើតក្រុមការងារជាក់លាក់ និងការសិក្សាវាយតម្លៃអំពីស្ថានភាពនៃការជ្រើសរើសទីតាំង ដោយធ្វើការសម្របសម្រួលរវាងភាគីពាក់ព័ន្ធ និងធ្វើសកម្មភាពឱ្យបានល្អិតល្អន់ដើម្បីសម្រេចបានភាពជោគជ័យដែលជាក់លាក់។
គួរលើកឡើងផងដែរថា ព្រះរាជាណាចក្រកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦
ដែលនេះបង្ហាញពីទំនុកចិត្ត លើស្ថេរភាពនយោបាយ ការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ចដែលមានភាពធន់ និងភាពសម្បូរបែបនៃ អច្ឆរិយភាពវប្បធម៌របស់កម្ពុជា ជាពិសេសគឺប្រាង្គប្រាសាទអង្គរវត្តដ៏ល្អឯក។