េត្តសៀមរាប៖ តបតាមការអញ្ជើញរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារសុខាភិបាលចូលរួមក្នុង “កិច្ចប្រជុំពិគ្រោះយោបល់ការបរទេស លើកទី៣ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស នៃសាធារណរដ្ឋឥណ្ឌា “3rd Foreign Office Consultations between the Ministry of Foreign Affairs and International Cooperation of the Kingdom of Cambodia and the Ministry of External Affairs of the Republic of India ដែលបានរៀបចំ នៅទីក្រុងសៀមរាប ខេត្តសៀមរាប។
កិច្ចប្រជុំដ៏មានសារ:សំខាន់នេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ឃាង រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា រួមសហការជាមួយ ឯកឧត្តម Jaideep Mazumdar អនុរដ្ឋមន្ត្រីនៃក្រសួងការបរទេស របស់សាធារណរដ្ឋឥណ្ឌា ដែលជាសហប្រធាននៃកិច្ចប្រជុំ។ អង្គប្រជុំបានដំណើរការពេញមួយព្រឹក ដោយរលូន និងជោគជ័យដែលក្នុងនោះអង្គប្រជុំបានផ្តោតសំខាន់លើការពិភាក្សា ពិនិត្យមើលវឌ្ឍនភាពនៃការសហការ និងកិច្ចសហប្រត្តិបត្តិការ រវាងកម្ពុជា និងឥណ្ឌា ជារួម និងតាមបណ្តាក្រសួង និងស្ថាប័នពាក់ព័ន្ធជាលក្ខណ:ទ្វេភាគី ព្រមទាំង កិច្ចសហប្រតិបត្តិការដែលនឹងត្រូវពិភាក្សា តាមដាន និងអនុវត្តសម្រាប់ពេលអនាគត។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឥស្សរជនអមដំណើរឯកឧត្តមអនុរដ្ឋមន្ត្រីឥណ្ឌា ព្រមទាំង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោក លោកស្រី ជាតំណាងនៃក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង មន្ត្រីពាក់ព័ន្ធ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងអ្នកពាក់ព័ន្ធចូលរួមទាំងអស់សរុបមាន ចំនួន ៦៤រូប។