ខេត្តសៀមរាប៖ ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារគ្រូបង្គោលថ្នាក់ជាតិពង្រឹងសមត្ថភាពសង្គ្រោះបន្ទាន់ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីសេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ។
គោលបំណងនៃវគ្គបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យ និងបុគ្គលិកដែលបម្រើការងារនៅផ្នែកសង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូននៅតាមមន្ទីរពេទ្យ និងធ្វើជាគ្រូឧទ្ទេសនាមដើម្បីបណ្ដុះបណ្ដាលបន្តអំពីវិធីសង្គ្រោះបឋម និងប្រព័ន្ធបញ្ជូនទៅដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកដែលបម្រើការងារនៅតាមមណ្ឌលសុខភាព។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់ជាអនុសាសន៍មួយចំនួនដល់សិក្ខាកាមដូចខាងក្រោម៖
-សិក្ខាកាមទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ស្ដាប់និងសួរពិភាក្សាជាមួយក្រុមគ្រូបង្គោលថ្នាក់ជាតិដែលមានបទពិសោធន៍ផ្នែកសង្គ្រោះបន្ទាន់
-បន្ទាប់ពីបញ្ចប់វគ្គសិក្សានេះត្រឡប់ទៅកន្លែងបំពេញការងាររបស់ខ្លួនវិញត្រូវខិតខំរៀបចំទីតាំងនិងផ្នែកសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យនីមួយៗឱ្យមានលក្ខណៈល្អប្រសើរជាងមុន។
-ត្រូវបណ្ដុះបណ្ដាលបន្តទៅដល់សហភាតរៈដែលរួមការងារជាមួយគ្នា ក៏ដូចជាសហភាតរៈដែលមកពីមណ្ឌលសុខភាព។
-ត្រូវបំពេញភារកិច្ចក្នុងនាមជាបុគ្គលិកសុខាភិបាលដែលមានក្រមសីលធម៌វិជ្ជាជីវៈនឹងការទទួលខុសត្រូវខ្ពស់ដោយមានក្ដីស្រឡាញ់និងអាណិតទៅដល់អ្នកជំងឺ។
គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេលចំនួន៥ថ្ងៃ ដោយធ្វើបទបង្ហាញទ្រឹស្តីចំនួន៣ថ្ងៃ និងការចុះអនុវត្តផ្ទាល់នៅផ្នែកសង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូនរបស់មន្ទីរពេទ្យខេត្តចំនួន២ថ្ងៃ ដោយមានការអញ្ជើញចូលរួមពី នាយកដ្ឋានមន្ទីរពេទ្យ ក្រុមគ្រូបង្គោលថ្នាក់ជាតិមកពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យតេជោសន្តិភាព និងក្រុមសម្របសម្រួលពីការិយាល័យគិលានុបដ្ឋាកនិងឆ្មប និងសិក្ខាកាមចូលរួមសរុប ៥១រូប មកពីមន្ទីរពេទ្យបង្អែកស្រុក ក្នុងខេត្តសៀមរាប និងខេត្តកំពង់ធំ។