Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្នែកសង្រ្គោះបន្ទាន់ ប្រពោធនកម្ម និងបន្ទប់វះកាត់ នៅមន្ទីរពេទ្យបង្អែកកម្រិត២ សូទ្រនិគម ខេត្តសៀមរាប
ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០២៥

ខេត្តសៀមរាប៖ រសៀលថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យទីតាំងមន្ទីរពេទ្យបង្អែកសូទ្រនិគម ដែលជាមន្ទីរពេទ្យបង្អែកកម្រិត២ ស្ថិតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។

គោលបំណងនៃការចុះត្រួតពិនិត្យមន្ទីរពេទ្យបង្អែកសូទ្រនិគម ដើម្បីពិនិត្យផ្ដល់យោបល់លើ ការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្នែកសង្រ្គោះបន្ទាន់ ប្រពោធនកម្ម និងបន្ទប់វះកាត់។ នៅក្នុងដំណើរចុះត្រួតពិនិត្យនេះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំថ្នាក់ដឹកនាំមន្ទីរពេទ្យទៅលើទីតាំងជាក់ស្ដែង ដើម្បីធ្វើការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ សម្ភារបរិក្ខារ និងរំហូរអ្នកជំងឺនៅក្នុងមន្ទីរពេទ្យឱ្យកាន់តែល្អប្រសើរជាងពេលបច្ចុប្បន្ន។

សូមបញ្ជាក់ផងដែរ បន្ទាប់ពីទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចាត់តាំងថ្នាក់ដឹកនាំក្រសួងសុខាភិបាលក្នុងការពិនិត្យវាយតម្លៃរៀបចំពង្រឹងសមត្ថភាពផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកវះកាត់នៅមន្ទីរពេទ្យបង្អែកកម្រិត១ និងកម្រិត២ បានចំនួន៦១មន្ទីរពេទ្យបង្អែក ដែលមន្ទីរពេទ្យបង្អែកទាំងនេះនឹងទទួលបានការរៀបចំកែលម្អពង្រឹងសមត្ថភាពផ្នែកសង្រ្គោះបន្ទាន់ ប្រពោធនកម្ម និងបន្ទប់វះកាត់ឱ្យកាន់តែមានសមត្ថភាព ប្រសិទ្ធភាព និងគុណភាពនៃការផ្ដល់សេវាកាន់តែល្អប្រសើរឡើងថែមទៀត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9