Cambodia
ព័ត៌មានលំអិត

Image
ពិធីបិទសន្និបាត បូកសរុបការងាររបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង ឆ្នាំ២០២៤ និងលើកទិសដៅសំរាប់អនុវត្តឆ្នាំ២០២៥
ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០២៥

ខេត្តស្ទឹងត្រែង៖ ថ្ងៃព្រហស្បតិ៍​ ១៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល រួមជាមួយ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង ឆ្នាំ២០២៤ និងលើកទិសដៅសំរាប់អនុវត្តឆ្នាំ២០២៥។ 

ក្នុងនោះក៏មានការអញ្ជើញចូលរួមពី មន្ត្រីរាជការក្រោមឱវាទមន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង គណៈវិជ្ជាជីវៈ មន្ទីរពាក់ព័ន្ធនានានៅជំវិញខេត្ត កងកម្លាំងទាំងបី មន្ត្រីពន្ធធនាគា ស្ថាប័នតុលាការ ស្ថាប័នឯកជន ដៃគូអភិវឌ្ឈ ក្រុមប្រឹក្សាស្រុក មេឃុំ និស្សិត សរុបចំនួន២៧០នាក់។ 

ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានពាំនាំនូវ ប្រសាសន៍ផ្តាំផ្ញើ និងសាកសួសុខទុក្ខ ពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ព្រមទាំងការថ្លែងអំណរគុណ និងកោតសរសើរដ៏ស្មោះ​ចំពោះ​កិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការគ្នាយ៉ាងស្អិតរមួតរបស់ថ្នាក់ដឹកនាំនៃមន្ទីរសុខាភិបាល មន្ត្រី បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ផ្នែកឯកជន ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធទាំងអស់ ដោយ​សម្រេចបាននូវសមិទ្ធផល និងវឌ្ឍនភាពជាច្រើនគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ២០២៤។ 

អង្គសន្និបាតប្រព្រឹត្តទៅមានរយៈពេល ២ថ្ងៃ ដោយបានជួបជុំ​ពិភាក្សាពិនិត្យ និងផ្លាស់ប្តូរយោបល់តាមជំនាញ និងបទពិសោធន៍ ដើម្បីឆ្លុះបញ្ចាំងអំពី​សមិទ្ធផល​ការងារ​ដែលសម្រេចបានក្នុងឆ្នាំ២០២៤ និងកំណត់ទិសដៅការងារបន្តសម្រាប់ឆ្នាំបន្តបន្ទាប់ ព្រមទាំងជាធាតុចូល​យ៉ាងសំខាន់ ដើម្បីឆ្លើយតបនឹងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងគោលដៅអទិភាព ចំនួន ៩ចំនុច និងវិធានការចំនួន៣ ដែលជាចក្ខុវិស័យជាអាទិភាព របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ដូចជាការឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព​នៃការ​អនុវត្ត​វិធានការគន្លឹះក្នុងវិស័យសុខាភិបាល ​ក្នុងទិសដៅរួមគឺការបន្តជំរុញវឌ្ឍនភាពឆ្ពោះទៅសម្រេច គោលដៅ នៃការគ្របដណ្តប់សុខភាពសកលនៅកម្ពុជា ឆ្នាំ២០៣៥។ 

នៅទីបញ្ចប់ ឯកឧត្តមក៏បានចែកជូននូវលិខិតសរសើរជូនមន្ត្រី រាជការដែលបម្រើការនៅមន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ដែលមានស្នាដៃល្អ ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍនានាដែលបានជួយជ្រោមជ្រែងដល់វិស័យសុខាភិបាលក្នុងខេត្តស្ទឹងត្រែង សរុបចំនួន៦៩រូប ផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19