រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវសាស្ត្រាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការពិនិត្យមរណភាពមាតា និង ទារកជុំវិញកំណើត និងការឆ្លើយតបថ្នាក់ជាតិ ដែលមានរយៈពេល៣ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នៅមន្ទីរពេទ្យកាល់ម៉ែត បានបញ្ចប់ដោយជោគេជ័យ។
ក្នុងរយៈពេល៣ថ្ងៃនេះសិក្ខាកាមបានចូលរួមយ៉ាងសកម្ម និងទទួលនូវចំណេះដឹងថ្មីៗលើការងារគន្លឹះការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប។សិក្ខាកាមភាគច្រើនមានសមត្ថភាពក្នុងការកំណត់រកឫសគល់មូលហេតុនៃការស្លាប់(Underlying cause of death) និងមូលហេតុប្រយោលផ្សេងទៀតដែលចូលរួមក្នុងមរណភាព មាតា និងទារក ដែលជាគន្លឹះសំខាន់ក្នុងការងារស្រាវជ្រាវមរណភាពមាតា និងទារកជុំវិញកំណើតនិងការឆ្លើយតប(MPDSR)។
យោងតាមលទ្ធផលនៃការវាស់ស្ទង់សមត្ថភាពមុនសិក្សារបស់សិក្ខាកាមបង្ហាញថា ការយល់ដឹងពីការងារពិនិត្យស្រាវជ្រាវ មរណភាព មាតា និងទារកជុំវិញកំណើត និងការឆ្លើយតប(MPDSR)ជាមធ្យមគឺ៦០% ខណ:លទ្ធផលវាយតម្លៃក្រោយវគ្គសិក្សាទទួលបានជាមធ្យម ៩១,៥%(ពិន្ទុខ្ពស់ បាន១០០ % ចំនួន ៣រូប និង ពិន្ទុទាបជាងគេគឺ ៧៥% ចំនួន ២រូប)។ ចំពោះស្វ័យវាយតម្លៃរបស់សិក្ខាកាមទាក់ទងនឹងចំណេះដឹង ស្តីពីសមាសភាពសំខាន់ៗ របស់MPDSR បង្ហាញឱ្យឃើញថា រវាងមុន និងក្រោយវគ្គបណ្តុះបណ្តាលមានការផ្លាស់ប្តូរពីការយល់ដឹង(កម្រិតទាប និងមធ្យម) ទៅ (កម្រិតមធ្យម និងខ្ពស់)។
លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការក្រសួងសុខាភិបាលក៏បានមានអនុសាសន៍ផ្តាំផ្ញើដល់សមាជិក សមាជិការរបស់គណកម្មការពិនិត្យមរណភាពមាតា និងទារកនិងការឆ្លើយតប ថ្នាក់ជាតិដែលបានសិក្សារយះពេល៣ថ្ងៃនេះថា ត្រូវយកចំណេះដឹងទាំងនេះដើម្បីជួយបណ្តុះបណ្តាលបន្តដល់គណកម្មការមរណភាពមាតា និងទារកថ្នាក់ខេត្ត និងស្រុក និងមូលដ្ឋានសុខាភិបាលនានានៅទូទាំងប្រទេសក្នុងពេលដ៏ខ្លីខាងមុខនេះដើម្បីបង្កើនគុណភាពនៃការថែទាំសុខភាពមាតា និងទារកនៅកម្ពុជា។
គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក រួមសហការជាមួយមន្ទីរពេទ្យ កាល់ម៉ែត និងឧបត្ថម្ភដោយ អង្គការ UNFPA ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោកជំទាវសាស្ត្រាចារ្យ ឯកឧត្តមសាស្ត្រាចារ្យ ទីប្រឹក្សាក្រសួង សាស្ត្រាចារ្យ វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យថ្នាក់ជាតិដែលជាសមាជិក សមាជិការនៃគណកម្មការពិនិត្យមរណភាពមាតា និងទារកថ្នាក់ជាតិ សរុបចំនួន២០រូប។