ខេត្តស្ទឹងត្រែង៖ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងទទួលបានការចង្អុលបង្ហាញពី ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះទៅពិនិត្យស្ថានភាព នៃមណ្ឌលសុខភាព និងប៉ុស្តសុខភាពក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្ទឹងត្រែង នៃមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ក្នុងជំហានទី២។
ការចុះត្រួតពិនិត្យនេះក្នុងគោលបំណងសំខាន់ ដើម្បីជួយជំរុញការធ្វើអោយប្រសើរឡើងការផ្តល់សេវាសុខាភិបាល គ្រប់ជ្រុងជ្រោយ ប្រកបដោយគុណភាព សំណុំសកម្មភាពអប្បបរមា សម្រាប់អភិវឌ្ឍមណ្ឌលសុខភាព ព្រមទាំងជួយគាំទ្រ ជំរុញលើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌ដោយផ្តោតសំខាន់លើចំណុចដូចខាងក្រោម៖
១-ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលដោយកែលម្អអគារ និងស្ថានភាពបរិស្ថានជុំវិញមណ្ឌលសុខភាព
២-ធនធានមនុស្សវិស័យសុខាភិបាលដោយពង្រឹងសមត្ថភាពបុគ្គលិក និងការគ្រប់គ្រងធនធានមនុស្ស
៣-ការគ្រប់គ្រងការចែកចាយឱសថ និងវ៉ាក់សាំងរួមទាំងការបំពាក់សម្ភារៈបរិក្ខារពេទ្យបនែ្ថម និងការគ្រប់គ្រងឱសថ
៤-លទ្ធភាពគ្រប់គ្រងក្នុងការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ
៥-ការបំពេញការងារប្រចាំការ និងបម្រើសេវា២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សបា្តហ៍
៦-ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺពិសេសមធ្យោបាយសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង
៧-ការបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ
៨-រៀបចំផែនការសកម្មភាព ដោយពិនិត្យទៅលើវឌ្ឍនភាពការងារ
៩-ជំរុញលើកកម្ពស់លើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាបានសន្តិសុខសុវត្ថិភាព
១០-ការបណ្តុះបណ្តាលបន្ថែមលើបច្ចេកទេស និងប្រព័ន្ធឌីជីថល។
បន្ថែមពីនេះទៀត ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានសំណូមពរដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ជួយជំរុញពីការពង្រីកវិសាលភាព របបសន្តិសុខសង្គមផ្នែកហានិភ័យការងារជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា សម្រួលក្នុងការមកទទួលសេវាថែទាំសុខភាព និងសូមគាំទ្រដល់វិស័យសុខាភិបាល ក្នុងការអនុវត្តសកម្មភាពឱ្យបានស្របតាមគោលនយោបាយជាអាទិភាព និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ជាចុងក្រោយឯកឧត្តមក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាល ជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ក្នុងការចុះពិនិត្យនោះដែរ ក៏មានការចូលរួមសម្របសម្រួលពីឯកឧត្តមវេជ្ជបណ្ឌិត អ៊ុង សូវៀត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង លោកស្រី អូន ចន្ថា ប្រធាន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្ទឹងត្រែង និងមានការចូលរួមសហការពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ បានចុះទៅមណ្ឌលសុខភាពចំនួន១៣ និងប៉ុស្តិ៍សុខភាពចំនួន១ រួមមានមណ្ឌលសុខភាព ស្រែពក ក្បាលរមាស ស្រែគរ កំផុន ស្ទឹងត្រែង សន្តិភាព សៀមប៉ាង ព្រែកមាស ស្រែសំបូរ ព្រះនរោត្តមសីហនុរាជា និងសម្តេចព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ អូរស្វាយ សាមគ្គី ចំការលើ ថាឡាបរិវ៉ាត់ និងប៉ុស្តិ៍សុខភាពច្រប់។