រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉់ាន់នី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ លោក Kevin O'Brien នាយកប្រតិបត្តិនៃមូលនិធិ Hunda Foundation
ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ និងសិក្សាស្វែងយល់អំពីសក្តានុពលបន្ថែមសម្រាប់ កិច្ចសហប្រតិបត្តិការនាពេលអនាគត ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ និងថ្លែងអំណរគុណនូវការរួមចំណែករបស់អង្គការ The Handa Foundation ដែលកន្លងមកបានចូលរួម គាំទ្រប្រព័ន្ធសុខាភិបាលកម្ពុជា តាមរយៈផ្តល់នូវការថែទាំ ព្យាបាលប្រកបដោយគុណភា ពទៅដល់សហគមន៍ ការព្យបាលថែទាំទូទៅផ្នែកវេជ្ជសាស្រ្ត និងសល្យសាស្រ្ត ដែលសង្កត់ធ្ងន់លើការវះកាត់ដោយការចោះ និងការវះកាត់ឆ្អឹង ផ្តល់នូវការបណ្តុះបណ្តាល ជំនាញវេជ្ជសាស្រ្តសំខាន់ៗ ព្រមទាំងចូលរួមក្នុងការអភិវឌ្ឍធនធានមនុស្សវិស័យសុខាភិបាលជាច្រើន។ ឯកឧត្តមរដ្ឋលេខាធិការ ជម្រាបជូនគណៈប្រតិភូ អំពីអាទិភាពវិស័យសុខាភិបាល ដែលក្នុងនោះ ការធ្វើ និយ័តកម្មមូលដ្ឋានសុខាភិបាល និងការអនុវត្តស្តង់ដារទទួលស្គាល់គុណភាព ជាអាទិភាពមួយ ដែលក្រសួងសុខាភិបាលប្រកាន់យកទាំងផ្នែកសាធារណៈ និងឯកជន ដើម្បីធានានូវការផ្តល់សេវាសុខាភិបាល ជូនប្រជាជន ប្រកបដោយគុណភាព សុវត្ថិភាពស្របតាមនិយាមជាតិ និងអន្តរជាតិ។
លោក Kevin O'Brien នាយកប្រតិបត្តិនៃមូលនិធិ HANDA បានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល ដែលតែងតែគាំទ្របេសកកម្មមនុស្សធម៌នាពេលកន្លងមករបស់អង្គការ ក្នុងការផ្តល់នូវសេវាសុខាភិបាលជូនប្រជាជនកម្ពុជា ក្នុងខេត្តបាត់ដំបង និងតំបន់ជុំវិញ។ លោកបានជម្រាបជូនអង្គប្រជុំអំពីផែនការ នៃកិច្ចសហ ប្រតិបត្តិការនាពេលអនាគត តាមរយៈការផ្តល់ការបណ្តុះបណ្តាលដែលមានកម្មវិធីច្បាស់លាស់ និងតាមរយៈ គ្រូបណ្តុះបណ្តាលដែលមានជំនាញខ្ពស់មកពីបរទេស។ នៅក្នុងនោះដែរ លោកនាយកប្រតិបត្តិ បានជម្រាបជូន អំពីចំណាប់អារម្មណ៍របស់សាកលវិទ្យាល័យ John Hopkins University សហរដ្ឋអាមេរិក ដែលមានគោលបំណង សហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល នាពេលអនាគត។
ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងបញ្ជាក់ជំហរគាំទ្រជាគោលការណ៍ ចំពោះផែនការ លើកឡើងដោយថ្នាក់ដឹកនាំអង្គការ The Handa Foundation ដែលមានសារសំខាន់ក្នុងការរួមចំណែក លើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ឈានទៅសម្រេចបាន នូវការគ្របដណ្តប់សុខភាពជាសកល។