Cambodia
ព័ត៌មានលំអិត

Image
សន្និសីទ និងពិព័រណ៍ទន្តសាស្ត្រលើកទី២៣ របស់សមាគមទន្តពេទ្យកម្ពុជា ឆ្នាំ ២០២៥
ថ្ងៃទី ២១ ខែ មិនា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងការបើកសន្និសីទ និងពិព័រណ៍ទន្តសាស្ត្រលើកទី២៣ របស់សមាគមទន្តពេទ្យកម្ពុជា ឆ្នាំ២០២៥ ដែលរៀបចំឡើងសហការជាមួយសហព័ទ្ធទន្តសាស្ត្រពិភពលោក ក្រោមប្រធានបទ «ដំណើរឆ្ពោះទៅមុខនៃវិស័យទន្តសាស្ត្រលើវិថីឌីជីថលតិចណូឡូជី»។

ថ្លែងក្នុងសន្និសីទនេះ ឯកឧត្តមសាស្ត្រាចារ្យ បានកោតសរសើរដល់សមាគម និងគណៈទន្តពេទ្យកម្ពុជា ដែលបានសហការគ្នាប្រារព្ធសន្និសីទប្រចាំឆ្នាំបានយ៉ាងទៀងទាត់ និងមានការចូលរួមពីវាគ្មិនអន្តរជាតិល្បីៗ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ថ្មីៗ ជូនដល់សមាជិក សមាជិកា និងក្មួយៗ និស្សិតទន្តពេទ្យ។ ឯកឧត្តមក៏បានគូសបញ្ជាក់អំពីគោលនយោបាយ ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដែលយកចិត្តទុកដាក់ពង្រឹងអភិវឌ្ឍន៍គ្រប់ផ្នែកទាំងអស់នៃវិស័យសុខាភិបាលយើង រួមចំណែកការបម្រើសេវាសុខភាពដោយគុណភាព សុវត្ថិភាព និង សមធម៌ជូនប្រជាជនគ្រប់រូប។

កិច្ចការទាំងនេះនឹងរួមចំណែកសម្រេចបានគោលដៅ នៃនយោបាយគ្របដណ្តប់សុខភាពជាសកល នាឆ្នាំ ២០៣៥ខាងមុខ។ សុខភាពមាត់ធ្មេញពិតជារួមចំណែកសំខាន់ណាស់ក្នុងការសម្រេចបាននូវគោលដៅដ៏សំខាន់នេះ។ 

ឯកឧត្តមសាស្ត្រាចារ្យ បានគូសបញ្ជាក់ទៀតថា វិស័យទន្តសាស្ត្រកម្ពុជា មានការរីកចម្រើនគួរកត់សម្គាល់ តែការចូលរួមរបស់អ្នកប្រកបវិជ្ជាជីវៈ ជំនាញនេះក្នុងផ្នែកសាធារណៈនៅមានកម្រិតនៅឡើយ។ ក្រសួងសុខាភិបាលសូមអំពាវនាវដល់ទន្តពេទ្យជំនាញ និងនិស្សិតទន្តពេទ្យទាំងឡាយ ចូលរួមបម្រើការងារក្នុងផ្នែកសារធារណៈឱ្យបានច្រើន ដើម្បីចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការបម្រើសុខភាពជូនប្រជាជនគ្រប់ស្រទាប់ ពិសេសប្រជាជនងាយរងហានិភ័យ គឺអ្នករស់នៅជនបទផងដែរ។

ជាចុងក្រោយឯកឧត្តមសាស្ត្រាចារ្យ បានជូនអនុសាសន៍ ៥ចំណុចដល់អង្គសន្និសីទដូចខាងក្រោមនេះ៖

១. សូមសកលវិទ្យាល័យ មហាវិទ្យាល័យរដ្ឋនិងឯកជនទាំងអស់យកចិត្តទុកដាក់បណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ស្រឡាញ់អាណិតអាសូរដល់អ្នក ជំងឺពិសេសប្រជាជនក្រីក្រងាយរងគ្រោះ

២. សូមសមាគមន៍ និងគណៈវិជ្ជាជីវ ជួយជំរុញអភិវឌ្ឍន៍ជំនាញក្នុងផ្នែកសាធារណៈឱ្យបានច្រើន និងមានភាពរឹងមាំ ដើម្បីរួមចំណែកជាមួយគោលនយោបាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅសម្រេចគោលដៅសុខភាពជាសកលឆ្នាំ២០៣៥

៣. បន្តអភិវឌ្ឍន៍ចំណេះជំនាញជាប្រចាំ ពិសេសបច្ចេកវិជ្ជាថ្មី ដូចជាឌីជីថលនេះដើម្បីពង្រីកវិសាលភាពនៃការបម្រើសេវាជូនប្រជាជនឱ្យបានកាន់តែប្រសើរឡើង

៤. យកចិត្តទុកដាក់ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈពេទ្យ គោរពនិយាម ដែនកំណត់វិជ្ជាជីវៈឱ្យបានត្រឹមត្រូវលើកស្ទួយកិត្តិយសវិស័យសុខាភិបាលខ្មែរយើង

៥. គណវិជ្ជាជីវៈទន្តពេទ្យត្រូវចូលរួមជាមួយក្រសួងសុខាភិបាល អនុវត្តនូវវិធាននិយ័តកម្ម.ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីធានាបានគុណភាពនៃសេវា។

គួរបញ្ជាក់ផងដែរថា សន្និសីទនេះមានសមាជិកសមាជិកាប្រមាណ៧០០នាក់ចូលរួម ក្នុងនោះក៏មានវាគ្មិនអន្តរជាតិចំនួន១២នាក់ ដែលអញ្ជើញមកពីបណ្តាប្រទេស អាស៊ាន ជប៉ុន និងកូរ៉េផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19