Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី «កងទ័ពជាវីរៈបុរសរបស់ជាតិ ជាកម្លាំងដ៏រឹងមាំ ការពារឯករាជ្យ បូរណភាពជាតិ ទឹកដី និងមាតុភូមិ ដូច្នេះសុខភាពកងទ័ពជារឿងសំខាន់»
ថ្ងៃទី ២២ ខែ មិនា ឆ្នាំ ២០២៥

បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះ សំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាន និងសម្ពោធអគារទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្រុកព្រះនេត្រព្រះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ដៃគូសម្ព័ន្ធមេត្រីភាព ក្រសួងសុខាភិបាល និងក្រុមហ៊ុនសុខាអូតែល-រីសត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨។

ថ្លែងក្នុងពិធីសំណេះសំណាល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកឡើងថា ក្រសួងសុខាភិបាល និងក្រុមហ៊ុនសុខាអូតែល-រីសត តែងតែផ្សារភ្ជាប់ជានិច្ចជាមួយសមរភូមិមុខ ដែលឈរជើងការពារខ្សែក្រវ៉ាត់ព្រំដែនយ៉ាងអង់អាចក្លាហាន ដើម្បីអធិបតេយ្យភាព សេចក្តីសុខសេចក្តីចម្រើនរបស់ប្រជាជន និងប្រទេសជាតិយើង។ ឯកឧត្តមសាស្រ្តាចារ្យ បានសម្តែងនូវការកោតសរសើរ និងដឹងគុណដល់បងៗ ប្អូនៗ ក្មួយៗ នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ដែលបាន និងកំពុងលះបង់កម្លាំងកាយ-ចិត្ត អង់អាចក្លាហានធ្វើពលិកម្មគ្រប់បែបយ៉ាង ចូលរួមក្នុងសមរភូមិ ដើម្បីការពារជាតិ អធិបតេយ្យភាព បូរណភាពទឹកដី ថែរក្សាសុខសន្តិភាព ស្ថិរភាព ដែលជាបុរេលក្ខខណ្ឌចាំបាច់ដល់ការសម្រេចបាននូវសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សុខភាពរបស់កងទ័ព គឺជាការយកចិត្តទុកដាក់ខ្ពស់បំផុត របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ព្រោះកងទ័ពដែលមានសុខភាពល្អរឹងមាំ គឺជាធនធានដ៏ឧត្តុងឧត្តមរបស់ប្រទេសជាតិដែលមិនអាចខ្វះបាន។ ការការពារប្រសើរជាងព្យាបាល ការជ្រើសរើសឥរិយាបថរស់នៅប្រកបដោយសុខុមាលភាព គឺជាការវិនិយោគដ៏ឆ្លាតវៃ ហើយត្រូវចាប់ផ្តើមពីពេលនេះ ពីពេលដែលយើងនៅមានសុខភាពល្អ ដើម្បីកាត់បន្ថយការឈឺ ពិការ និងសន្សំសំចៃថវិកាគ្រួសារ ស្របតាមពាក្យស្លោកមួយថា “ការថែទាំសុខភាពគឺជាការវិនិយោគសម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និងសង្គមជាតិ”។

ឯកឧត្តមសាស្រ្តាចារ្យ បានជូនអនុសាសន៍ដល់បងប្អូនកងទ័ពទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព រស់នៅប្រកបដោយសុវត្ថិភាព និងអនុវត្តនូវវិធានការនានា ដើម្បីការពារសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ពីការកើតមានជំងឺឆ្លង ឬបញ្ហាសុខភាពផ្សេងៗ ដូចជា ការចម្លងជំងឺផ្លូវដង្ហើម ជំងឺផ្តាសាយ ជំងឺកូវីដ-១៩ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជាដើម និងបញ្ហាសុខភាពបណ្ដាលមកពីការពុលចំណីអាហារ ពុលស្រា ដោយរក្សាទម្លាប់រស់នៅស្អាត សម្រាកក្នុងមុង ប្រកាន់ខ្ជាប់នូវការអនុវត្ដអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ ជាពិសេសមុនពេលបរិភោគ រក្សាទុកដាក់និងទទួលទានចំណីអាហារមានសុត្ថិភាពល្អ និងបង្ការជំងឺឆ្លងផ្សេងៗទៀត។

ទន្ទឹមនឹងជំងឺឆ្លង និងមិនឆ្លង ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ថែទាំសុខភាព តាមរយៈសារអប់រំសុខភាពនានា ក្រសួងសុខាភិបាល បាននិងកំពុងផ្សព្វផ្សាយ ដូចជារបបអាហារ “តិចអំបិល តិចខ្លាញ់ តិចស្ករ” និងការផ្លាស់ប្តូររបបរស់នៅដូចជា ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ចៀសវាងការប្រើប្រាស់ថ្នាំជក់ គ្រឿងស្រវឹង ភេសជ្ជៈផ្អែម ដើម្បីបង្ការ និងទប់ស្កាត់ជំងឺមិនឆ្លងចម្បងៗ ដូចជា ជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែម ។ល។ ក្នុងករណីមានជំងឺឬបញ្ហាសុខភាពត្រូវប្រញាប់ប្រញាល់ទៅកាន់មូលដ្ឋានសុខាភិបាលដែលជិតលំនៅដ្ឋាន ជាពិសេសមណ្ឌលសុខភាព ដើម្បីទទួលបានការពិនិត្យ និងការព្យាបាល ឬការប្រឹក្សាយោបល់ក្នុងករណីត្រូវបន្តការពិនិត្យបញ្ជាក់រោគវិនិច្ឆ័យបន្ថែម និងទទួលការព្យាបាលនៅមន្ទីរពេទ្យបង្អែក តាមស្ថានភាពជាក់ស្តែងនៃជំងឺ ឬបញ្ហាសុខភាព។

មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យ សូមថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់បងប្អូន ក្មួយៗ នាយទាហាន នាយទាហានរង ពលទាហាន អាជ្ញាធរមូលដ្ឋាន បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលនៅតែប្រកាន់ជំហររឹងមាំ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវបុព្វហេតុជាតិ ការពារសន្តិភាព និងសុខុមាលភាពជូនប្រជាជន។  ឯកឧត្តមសាស្រ្តាចារ្យសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល គ្រប់លំដាប់ថ្នាក់ ព្រមទាំងក្រុមហ៊ុនសុខាអូតែល-រីសត និងសប្បុរសជនទ ដែលនេះសបញ្ជាក់ពីវប្បធម៌នៃការចែករំលែកមិនអាចកាត់ថ្លៃបាន ក្នុងស្មារតីសាមគ្គីភាព សមរភូមិក្រោយជួយទំនុកបម្រុងសមរភូមិមុខ។ 

សូមបញ្ជាក់ដែរថា ក្រសួងសុខាភិបាល និងក្រុមហ៊ុនសុខាអូតែល-រីសត បានភ្ជាប់ជាមួយនូវ ឱសថ សម្ភារៈបរិក្ខារពេទ្យ គ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា សម្រាប់ឧបត្ថម្ភជូនដល់ទីបញ្ជាការកងពលតូចលេខ៥១ ពលទាហានចំនួន ៤០០នាក់ និងគ្រួសារកងទ័ពចំនួន ១០០គ្រួសារ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19