Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ
ថ្ងៃទី ២២ ខែ មិនា ឆ្នាំ ២០២៥

បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីពិធីសំណេះសំណាលសួរសុខទុក្ខកងពល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យការបម្រើសេវាសុខាភិបាលរបស់មន្រ្តីរាជការ បុគ្គលិកសុខាភិបាល ដែលកំពុងបម្រើការងារយ៉ាងសកម្មនៅមណ្ឌលសុខភាព អូរអំបិល ខេត្តបន្ទាយមានជ័យ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី និងក្រុមការងារសុខាភិបាល បានឆ្លៀតពិនិត្យហេដ្ឋារចនាសម្ព័ន្ធនៃមណ្ឌលសុខភាព បន្ទប់ឱសថ បន្ទប់ផ្តល់ថ្នាំបង្ការ បន្ទប់ថែទាំក្រោយសម្រាល បន្ទប់ពិនិត្យផ្ទៃពោះ បន្ទប់ពិគ្រោះជំងឺ និងបន្ទប់វះកាត់តូចនិងរបួស ដោយសង្កេតឃើញមានបរិស្ថាន និង អនាម័យល្អ។ នាឱកាសសួរសុខទុក្ខ ស្វែងយល់ពីសកម្មភាពបម្រើសេវាសុខភាព និងពិនិត្យវឌ្ឍនភាពការងារមណ្ឌល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់ជាគំនិតយោបល់ភាពជាអ្នកដឹកនាំ និងណែនាំដល់មន្រ្តីសុខាភិបាល នូវចំនុចសំខាន់ៗពាក់ព័ន្ធទៅនឹងសមត្ថភាពការងារ ឥរិយាបទវិជ្ជមាន រួសរាយរាក់ទាក់ ពិនិត្យស្ថានភាពជំងឺល្អិតល្អន់ និងថែមទាំងពន្យល់អោយបានក្បោះក្បាយទាំងស្ថានភាពជំងឺ របៀបរបបនៃការប្រើប្រាស់ថ្នាំសង្កូវ និងការត្រឡប់មកតាមដានតាមការណាត់ក្នុងមណ្ឌល។ 

គួរឱ្យកត់សម្គាល់ផងដែរ អំពីអារម្មណ៍រីករាយ រំជួលចិត្តនៃបុគ្គលិកមន្ត្រីសុខាភិបាលចំពោះវត្តមានឥតព្រៀងទុករបស់​ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងមណ្ឌលរបស់ខ្លួន ត្បិតជាទំលាប់ គ្រប់មន្ត្រីដឹកនាំសុខាភិបាលទូទាំងប្រទេស ពីថ្នាក់ជាតិ រហូតក្រោមជាតិ ខេត្ត ស្រុក មណ្ឌល និងប៉ុស្តិ៍សុខភាព សុទ្ធតែត្រូវបានផ្តល់ឱកាសចូលរួមជួបជុំស្វែងយល់ ផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នាលើភាពជាអ្នកដឹកនាំ រួមជាមួយឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី តាមរយះ zoom platform។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17