Cambodia
ព័ត៌មានលំអិត

Image
វគ្គបណ្តុះបណ្តាល ស្តីពីសេវាសង្គ្រោះបឋម សង្រ្គោះបន្ទាន់ និងនីតិវីធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ
ថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ២០២៥

ខេត្តសៀមរាប៖ ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាអគ្គនាយករងបច្ចេកទេសសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ។ ក្នុងឱកាសនោះផងដែលឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ បានដឹកនាំក្រុមសិក្ខាកាមដើម្បីចុះអនុវត្តផ្ទាល់នៅក្នុងមន្ទីរពេទ្យខេត្តសៀមរាប។

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះធ្វើឡើងដើម្បីពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យ និងបុគ្គលិកដែលបម្រើការងារនៅផ្នែកសង្គ្រោះបន្ទាន់និងប្រព័ន្ធបញ្ជូននៅតាមមន្ទីរពេទ្យ នឹងត្រូវបណ្តុះបណ្តាលបន្តទៅដល់មន្ត្រីក្នុងមូលដ្ឋានព្យាបាលនិងថែទាំសុខភាពរបស់ខ្លួន។ 

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមសាស្ត្រាចារ្យ អគ្គនាយករង បានផ្តល់អនុសាសន៍ដល់សិក្ខាកាមត្រូវជួយសង្គ្រោះអ្នកជំងឺឱ្យទាន់ពេលវេលា ដោយប្រុងប្រយ័ត្ន និងប្រកបដោយក្រមសីលធម៍វិជ្ជាជីវៈ សិក្ខាកាមត្រូវពិនិត្យមើលពីបច្ចេកទេស សមត្ថភាពមន្ត្រី ស្ថានភាពបន្ទប់ សម្ភារៈ និងផ្លូវនាំអ្នកជំងឺពីមន្ទីរពេទ្យខេត្តសៀមរាប ដើម្បីយកទៅអភិវឌ្ឍដល់មន្ទីរពេទ្យរបស់ខ្លួន។  

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ ដោយមានការសម្របសម្រួលពីនាយកដ្ឋានមន្ទីរពេទ្យ និងបង្ហាត់បង្ហាញដោយក្រុមគ្រូបង្គោលថ្នាក់ជាតិមកពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកម្ពុជាចិន-ព្រះកុសុមៈ សិក្ខាកាមចូលរួមសរុប៤៦រូប មកពីមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ ខេត្តឧត្តមានជ័យ និងខេត្តសៀមរាប។ 

សូមបញ្ជាក់ផងដែរ ដោយទទួលបានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងគុណភាពសេវាសង្រ្គោះបឋម សង្រ្គោះបន្ទាន់ និងប្រព័ន្ធបញ្ជូននេះជាបន្តបន្ទាប់នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7