រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារលើកកម្ពស់គុណភាព បានដឹកនាំកិច្ចប្រជុំប្រចាំខែ របស់ក្រុមការងារលើកកម្ពស់គុណភាព នៅទីស្តីការក្រសួងសុខាភិបាល ដែលមានអ្នកចូលរួមផ្ទាល់ចំនួន ៣០នាក់ និងតាមរយៈប្រព័ន្ធអនឡាញ (ZOOM) ចំនួន ៦៤នាក់។
កិច្ចប្រជុំនេះមានគោលបំណងចែករំលែកបទពិសោធន៍ និងបង្ហាញនូវលទ្ធផលសកម្មភាពកែលម្អគុណភាពសុខាភិបាល ព្រមទាំងពិភាក្សាស្វែងរកដំណោះស្រាយពីបញ្ហាជួបប្រទះរបស់មន្ទីរសុខាភិបាលខេត្តកណ្តាល មន្ទីរពេទ្យបង្អែកជ័យជំនះ ការិយាល័យស្រុកប្រតិបត្តិតាខ្មៅ និងមណ្ឌលសុខភាពអំពៅព្រៃ។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយឯកឧត្តមសាស្រ្តាចារ្យ អ៊ុង សំអាន អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងារលើកកម្ពស់គុណភាព ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលជាសមាជិក សមាជិកាក្រុមការងារលើកកម្ពស់គុណភាព សមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជនកម្ពុជា គណៈវិជ្ជាជីវៈទាំង៥ មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ មន្ទីរសុខាភិបាលរាជធានី ខេត្ត ក្រុមអ្នកវាយតម្លៃថ្នាក់មន្ទីរសុខាភិបាលរាជធានី ខេត្ត ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ និងដៃគូអភិវឌ្ឍន៍។