Cambodia
ព័ត៌មានលំអិត

Image
ពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត
ថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ថ្ងៃទី២៥ខែមីនា ឆ្នាំ២០២៥ ដោយទទួលបាននូវការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត។

សន្និបាតនេះ បានប្រព្រឹត្តទៅ ក្រោមប្រធានបទ៖ «កម្ពុជាគ្មានជំងឺគ្រុនចាញ់ និងជំងឺព្រូនស៊ីស្តូ ត្រឹមឆ្នាំ ២០២៥ ប្រកបដោយនិរន្តរភាព» និងមានរយៈពេលចំនួន ០២ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ និងមានគោលបំណងរួម ដើម្បីពិនិត្យមើលពីវឌ្ឍនភាព និងសមិទ្ធផលរបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺដង្កូវព្រូន ឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ និងឆ្នាំបន្ត។

ក្នុងឱកាសនេះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួម និងឧបត្ថម្ភគាំទ្រធ្វើឱ្យការងាររបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺដង្កូវព្រូន ទទួលបានជោគជ័យដ៏ប្រសើរនាឆ្នាំ២០២៤  ព្រមទាំងបានផ្តល់អនុសាសន៍បន្ថែមឱ្យអង្គសន្និបាតយកចិត្តទុកដាក់សម្រាប់អនុវត្តការងារ និងសម្រេចបាន ទិសដៅដែលបានកំណត់សម្រាប់ឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្រ្តជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

សន្និបាតនេះ មានសមាសភាពចូលរួមសរុបចំនួន ៣៣៩នាក់ ដែលអញ្ជើញមកពីក្រសួងសុខាភិបាល អន្តរក្រសួង (ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ ក្រសួងកិច្ចការនារី ក្រសួងធម្មការ និងសាសនា ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន ក្រសួងរ៉ែ និងថាមពល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត និងនវានុវត្តន៍) និងស្ថាប័នពាក់ព័ន្ធ (សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ កាកបាទក្រហមកម្ពុជា) ព្រមទាំងអង្គដៃគូ (WHO UNOPSNIH ADB-PMU CHAI CRS MC APLMA IPC Chemonics-PSM DKSH Cambodia និងHKBU) និងអ្នកពាក់ព័ន្ធដ៏ទៃទៀត ហើយក៏មានការអញ្ជើញចូលរួមតាមប្រព័ន្ធនិម្មិត (Zoom) ចំនួន ១៣៦នាក់ (ប្រធានមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងប្រធានមណ្ឌលសុខភាព) ផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12