Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំគ្រូបង្គោលស្តីពីការតាមដាន និងការឆ្លើយមរណភាពមាតា និងទារក
ថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមប្រជុំស្តីពីការពិនិត្យឡើងវិញបន្ទាប់ពីវគ្គបណ្តុះបណ្តាលគ្រូបង្គោលបានបញ្ចប់ដោយជោគជ័យនៅថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបថ្នាក់ជាតិ។ 

កិច្ចប្រជុំនេះ មានការចូលរួមពីគ្រូបង្គោលទាំង ១១រូប អង្គការសុខភាពពិភពលោក និងអង្ការ UNFP គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីរៀបចំផែនការអនុវត្ត រួមមាន (១) បង្កើតគណៈកម្មការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប (២) បង្កើតលេខាធិការដ្ឋាន (៣) រៀបចំផែនការបណ្តុះបណ្តាលគ្រូបង្គោលបន្ថែមទៀតដល់មន្ទីរពេទ្យជាតិ (៤) បណ្តុះបណ្តាលដល់មន្ទីរពេទ្យថ្នាក់ក្រោមជាតិ បណ្តុះបណ្តាលមន្ទីរពេទ្យសេវាឯកជន និង (៥) រៀបចំសន្និសីទជាតិពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប។ 

លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការបានមានប្រសាសន៍ថា ក្នុងកិច្ចប្រជុំលើកទឹកចិត្តដល់គ្រូបង្គោលទាំង ១២រូប ត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាល ដល់គ្រូបង្គោលមន្ទីរពេទ្យជាតិបន្ថែមទៀត ដើម្បីមន្ទីរពេទ្យបន្តបណ្តុះបណ្តាលដល់មន្ទីរសម្ព័ន្ធភាពថ្នាក់ក្រោមជាតិ។ ការកាត់បន្ថយមរណភាពមាតា និងទារកនៅតែជាអាទិភាពខ្ពស់នៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជារបៀបវារៈដែលមិនទាន់បានបញ្ចប់។ ប្រព័ន្ធ MPDSR សង្កត់ធ្ងន់លើការកំណត់អត្តសញ្ញាណនៃបញ្ហាទាំងអស់របស់ស្ត្រី អាយុបន្តពូជដែលកើតឡើងនៅក្នុងសហគមន៍ និងបញ្ហាដែលកើតមាននៅមូលដ្ឋានព្យាបាលថែទាំសុខភាព បញ្ហាដែលបណ្តាលមកពីការមានគភ៌ ឬកំណើតកូន ឬផលវិបាករបស់ផ្សេងៗ ឬការគ្រប់គ្រង និងពិនិត្យមើលការបញ្ហារបស់មាតាទាំងនោះ។

លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណអង្គការ UNFPA និងអង្គការសុខភាពពិភពលោក ដែលបានផ្តល់ការគាំទ្រទាំងថវិកា និងបច្ចេកទេសដល់វគ្គបណ្តុះបណ្តាលដែលមានសារៈសំខាន់នេះ។

Image 1
Image 2
Image 3
Image 4