ខេត្តកំពង់ធំ៖ ថ្ងៃទី ២៦ដល់ ថ្ងៃទី២៧ខែ មីនា ឆ្នាំ២០២៥ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងទទួលបានការចង្អុលបង្ហាញពី ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះទៅពិនិត្យស្ថានភាព នៃមណ្ឌលសុខភាព ចំនួន០៨ ក្នុងស្រុកប្រតិបត្តិ បារាយណ៍សន្ទុក ខេត្តកំពង់ធំ ក្នុងជំហានទី២។
ការចុះបេសកកម្មនេះ មានគោលបំណងសំខាន់ ដើម្បីជួយជំរុញការធ្វើអោយប្រសើរឡើង ការផ្តល់សេវាសុខាភិបាលគ្រប់ជ្រុងជ្រោយប្រកបដោយគុណភាព សំណុំសកម្មភាពអប្បបរមា សម្រាប់អភិវឌ្ឍមណ្ឌលសុខភាព និងដើម្បីជួយគាំទ្រ ជំរុញលើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការផ្តល់សេវាថែទាំ និងព្យាបាប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌។
បន្ថែមពីនេះទៀត ឯកឧត្តមសាស្ត្រាចារ្យអនុរដ្ឋលេខាធិការ និងក្រុមការងារសុខាភិបាល បានឆ្លៀតពិនិត្យហេដ្ឋារចនាសម្ព័ន្ធនៃមណ្ឌលសុខភាព បន្ទប់ឱសថ បន្ទប់ផ្តល់ថ្នាំបង្ការ បន្ទប់ថែទាំក្រោយសម្រាល បន្ទប់ពិនិត្យផ្ទៃពោះ បន្ទប់ពិគ្រោះជំងឺ និងបន្ទប់វះកាត់តូចនិងរបួស ដោយសង្កេតឃើញមានបរិស្ថាន និងអនាម័យល្អ។ នាឱកាសសួរសុខទុក្ខ ស្វែងយល់ពីសកម្មភាពបម្រើសេវាសុខភាព និងពិនិត្យវឌ្ឍនភាពការងារមណ្ឌល ឯកឧត្តមសាស្ត្រាចារ្យអនុរដ្ឋលេខាធិការ បានផ្តល់ជាគំនិតយោបល់ភាពជាអ្នកដឹកនាំ និងណែនាំដល់មន្រ្តីសុខាភិបាល នូវចំនុចសំខាន់ៗពាក់ព័ន្ធទៅនឹងសមត្ថភាពការងារ ឥរិយាបទវិជ្ជមាន រួសរាយរាក់ទាក់ ពិនិត្យស្ថានភាពជំងឺល្អិតល្អន់ និងថែមទាំងពន្យល់អោយបានក្បោះក្បាយទាំងស្ថានភាពជំងឺ របៀបរបបនៃការប្រើប្រាស់ថ្នាំសង្កូវ និងការត្រឡប់មកតាមដានតាមការណាត់ក្នុងមណ្ឌល។
ក្នុងការចុះពិនិត្យនោះដែរ ក៏មានការចូលរួមសម្របសម្រួលពីឯកឧត្តមវេជ្ជបណ្ឌិត ស្រី ស៊ីន ទីប្រឹក្សាក្រសួងសុខាភិបាលនិងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាល ខេត្តកំពង់ធំ និង អនុប្រធានមន្ទីរសុខាភិបាល ប្រធាន ការិយាល័យស្រុកប្រតិបត្តិ និងមានការចូលរួមសហការពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានចុះទៅមណ្ឌលសុខភាព ចំនួន០៨ រួមមាន (១)មណ្ឌលសុខភាព តាំងគោក (២)មណ្ឌលសុខភាព ពង្រ (៣)មណ្ឌលសុខភាព ប្រតោង (៤)មណ្ឌលសុខភាព ស្រះបន្ទាយ (៥)មណ្ឌលសុខភាព គ្រើល (៦)មណ្ឌលសុខភាព ស្រឡៅ (៧)មណ្ឌលសុខភាព ទ្រៀល (៨)មណ្ឌលសុខភាព ប្រាសាទ។