រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបគណៈប្រតិភូ នៃក្រសួងការបរទេសរបស់ប្រទេសអង់គ្លេស ដឹកនាំដោយលោក Sam Beckwith នាយកផ្នែកសុខាភិបាលប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃក្រសួងការបរទេសរបស់ប្រទេសអង់គ្លេស។
លោកជំទាវរដ្ឋលេខាធិការ បានសម្តែងនូវការស្វាមគន៍យ៉ាងកក់ក្តៅសម្រាប់ដំណើរទស្សនកិច្ចនៅកម្ពុជា របស់លោកនាយកផ្នែកសុខាភិបាលប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងថ្លែងអំណរគុណចំពោះការឧបត្ថម្ភគាំទ្រដល់វិស័យសុខាភិបាល។ លោកជំទាវរដ្ឋលេខាធិការ ក៏បានជម្រាបជូនអំពី វឌ្ឍនភាពគម្រោងសុខភាពតែមួយ ដែលជាគម្រោងមួយសំដៅទៅលើកាត់បន្ថយភាពស៊ាំនឹងឱសថប្រឆាំងមេរោគ កាត់បន្ថយហានិភ័យនៃជំងឺដែលឆ្លងពីសត្វមកមនុស្ស ដែលកើតចេញពីសត្វព្រៃ និងសត្វចិញ្ចឹមតាមកសិដ្ឋាន ដែលអាចប៉ះពាល់ដល់សុខភាពមនុស្ស ការស្រាវជ្រាវអំពីជំងឺឆ្លងពាក់ព័ន្ធនឹងការបំរែបំរួលអាកាសធាតុ ដើម្បីឆ្លើយតបទៅនឹងជំងឺឆ្លងតាមរយៈសត្វមកមនុស្ស និងជំងឺរាតត្បាតដ៏ទៃទៀតដែលអាចកើតមាននាពេលអនាគត។
លោក Sam Beckwith នាយកផ្នែកសុខាភិបាលប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានថ្លែងអំណរគុណសម្រាប់កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយមជ្ឈមណ្ឌលជាតិ នាយកដ្ឋានពាក់ព័ន្ធ កម្មវិធីជាតិ នៃក្រសួងសុខាភិបាល និងបានជម្រាបជូនអំពីគោលបំណង នៃទស្សនកិច្ចមកកាន់កម្ពុជានាពេលនេះ ដើម្បីពិភាក្សាអំពី ១) ភាពជាដៃគូរវាងចក្រភពអង់គ្លេស-កម្ពុជា ដើម្បីស្វែងយល់ពីអាទិភាពក្នុងស្រុក និងអន្តរជាតិ និងរបៀបដែលដៃគូអាចគាំទ្របាន ដើម្បីគូសបញ្ជាក់ពីអាទិភាពរបស់ចក្រភពអង់គ្លេសសម្រាប់កិច្ចសហប្រតិបត្តិការសន្តិសុខសុខភាពលើការពង្រឹងប្រព័ន្ធសុខាភិបាលសម្រាប់ UHC ។ ២)សន្តិសុខសុខភាពសកល រួមទាំង AMR & Pandemic Accord; ការប្រឆាំងនឹងការវិលត្រឡប់មកវិញនៃសិទ្ធិស្ត្រី និងកុមារី និងប្រទេសដែលគាំទ្រ ដើម្បីដោះស្រាយផលប៉ះពាល់សុខភាពមកពីការប្រែប្រួលអាកាសធាតុ និងគូសបញ្ជាក់ពីការគាំទ្ររបស់ចក្រភពអង់គ្លេសដល់កម្ពុជា តាមរយៈអង្គការចតុភាគី (WHO, FAO, WOAH, UNEP) ដើម្បីពិភាក្សាអំពីឱកាសនាពេលអនាគតសម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងសន្តិសុខសុខភាព និងការត្រៀមខ្លួនសម្រាប់ភាពអាសន្នផ្នែកសុខភាព (គម្រោង IHR, ASEAN-UK HSP)។
ក្នុងជំនួបនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈា ឆវណ្ណ វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងលោក លោកស្រី តំណាងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នាយកដ្ឋានមន្ទីរពេទ្យ នៃក្រសួងសុខាភិបាល។