Cambodia
ព័ត៌មានលំអិត

Image
ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ
ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ។ មានវត្តមានផងដែរពីឯកឧត្តម អ៊ឹមរ៉ន ហាស្សាន់ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ និងលោកជំទាវ សមាជិកក្រុមប្រឹក្សារាជធានីភកនំពេញ។

ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលបានធ្វើរបាយការណ៍សង្ខេបពីលទ្ធផលនៃសន្និបាតដែលមានរយៈពេល១ថ្ងៃ ប្រកបដោយផ្លែផ្កាគួជាទីមោទនៈ។ ដោយក្នុងនោះអង្គសន្និបាតក៏បានពិនិត្យឃើញពីចំណុចខ្វះចន្លោះ និងកត្តាប្រឈមមួយចំនួន និងរួមគ្នារកដំណោះស្រាយដើម្បីភាពរីកចម្រើននាពេលខាងមុខដើម្បីការបំរើសេវាសុខភាពជូនប្រជាជនយើងប្រកបដោយគុណភាព។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការក៏បានផ្តល់អនុសាសន៍ ៥ចំនុចដើម្បីចូលរួមអោយថ្នាក់ដឹកនាំនិងមន្ត្រីបុគ្គលិកសុខាភិបាលទាំងអស់បំពេញការងារអោយកាន់តែមានប្រសិទ្ធភាព ស័ក្កសិទ្ធិភាព និងសុវត្ថិភាពនៃសេវាជូនប្រជាជនកាន់តែល្អថែមទៀត៖

១. អ្នកបម្រើសេវាសុខាភិបាលគ្រប់ជំនាញត្រូវខិតខំពង្រឹងចំណេះដឹង និងជំនាញជាប្រចាំយ៉ាងយកចិត្តទុកដាក់

២. ការពង្រឹងនិងសិក្សាបន្ថែមពីក្រមសីលធម៌វិជ្ជាជីវៈ ដែនកំណត់ និងនិយាមវិជ្ជាជីវៈដោយត្រឹមត្រូវ និងចូលជាសមាជិកគណៈវិជ្ជាជីវៈគ្រប់ៗគ្នា

៣. ពង្រឹងសាមគ្គីភាពផ្ទៃក្នុងនិងអនុវត្តទៅតាមគោលការណ៍ដឹកនាំក្នុងភាពត្រឹមត្រូវរួមគ្នាជាធ្លុងមួយ

៤. ចូលរួមអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលអោយបានល្អប្រសើរ តាមរយៈការពង្រឹងនិងពង្រីកសេវាសុខភាពឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋដែលមានប័ណ្ណមូលនិធិសមធម៌ និង ប.ស.ស។

៥. ចូលរួមក្នុងការអនុវត្តនិយ័តកម្មសុខាភិបាលឱ្យបានល្អប្រសើរជាពិសេស ក្នុងផ្នែកឯកជន ដើម្បីរក្សាបាននូវកិត្យានុភាពពេទ្យខ្មែរយើង។

អង្គសន្និបាតបានដំណើរការដោយរលូន និងមានការចូលរួមផងដែរពីអភិបាល អភិបាលរងខណ្ឌ ចៅសង្កាត់ និងមន្ទីរអង្គភាពជុំវិញសាលារាជធានីភ្នំពេញ សរុបទាំងអស់ចំនួន២៥០នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9