ទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន៖ នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាង ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាលចូលរួមកិច្ចប្រជុំកំពូលសកលថ្នាក់រដ្ឋមន្ត្រីលើកទី៧ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ដោយប្រធានបទរួមផ្តោតលើ «សុវត្ថិភាពអ្នកជំងឺ Patient Safety» ដែលជាវេទិកាប្រចាំឆ្នាំក្នុងការជួបជុំជាសកលនៃរដ្ឋមន្រ្តីសុខាភិបាល និងស្ថាប័ន ដៃគូរពាក់ពន្ធ័ នានា ទាំងជំនាញរៀបចំគោលនយោបាយ និងជំនាញគ្រប់គ្រង-ដឹកនាំ ដើម្បីពិភាក្សាលើកកម្ពស់សុវត្ថិភាពអ្នកជំងឺ លើកកម្ពស់កិច្ចសហការ ចែករំលែកបទពិសោធន៍ និងដោះស្រាបញ្ហាប្រឈមរួមគ្នា ធានាអោយបានសុវត្ថិភាព និងគុណភាពសេវាសុខាភិបាល តាមរយះការពង្រឹងប្រព័ន្ធថែទាំសុខភាព លើគ្រប់មូលដ្ឋានសុខាភិបាល។
ប្រធានបទពិសេសសម្រាប់កិច្ចប្រជុំកំពូលលើកទី៧នេះ គឺ «រួមគ្នាពង្រឹងសុវត្ថិភាពអ្នកជំងឺនាពេលអនាគត នៅគ្រប់ដំណាក់កាលនៃការថែទាំសុខភាព Weaving Strengths for the Future of Patient Safety throughout the Healthcare Continuum» ដែលគូសបញ្ជាក់ពីសារៈសំខាន់ ជាសសរស្តម្ភ ជាមូលដ្ឋានគ្រឹះសម្រាប់ធានាបានការកសាងភាពធន់ សមធម៌ និងសុវត្តិភាព និងគុណភាព នៃប្រព័ន្ធសុខាភិបាល។
នាថ្ងៃទី១ កិច្ចប្រជុំកំពូលសកល បានចែករំលែកបទពិសោធន៍ (១) ការអនុវត្តផែនការសកម្មភាពសុវត្ថិភាពអ្នកជំងឺជាសកល ២០២១-២០៣០ (២) ការជំរុញប្រព័ន្ធរាយការណ៍ និងសិក្សាសុវត្ថិភាពអ្នកជំងឺប្រកបដោយនិរន្តរភាពនៃសុវត្ថិភាពនៅគ្រប់កម្រិតនៃការថែទាំ (៣) តួនាទីនៃការចូលរួមរបស់អ្នកជំងឺក្នុងការកាត់បន្ថយហានិភ័យ (៤) ការពង្រឹងសុវត្ថិភាពអ្នកជំងឺនៅក្នុងមូលដ្ឋានថែទាំសុខភាពបឋម សេវារថយន្តគិលានសង្រ្គោះ និងសហគមន៍ផ្សេងៗ (៥) យុទ្ធសាស្ត្រច្នៃប្រឌិតសម្រាប់ការកសាងប្រព័ន្ធថែទាំសុខភាពដែលធន់ទ្រាំ ដើម្បីធានាសុវត្ថិភាពអ្នកជំងឺចំពេលដែលមានការរំខានដោយអាធាតុគ្រោះមហន្តរាយ (៦) ភាពជាដៃគូរួមគ្នាក្នុងការកាត់បន្ថយផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុលើសុវត្ថិភាពអ្នកជំងឺ និង(៧)ការវិនិយោគលើសុវត្ថិភាពអ្នកជំងឺសម្រាប់ការថែទាំសុខភាពប្រកបដោយនិរន្តរភាព។
កិច្ចប្រជុំកុំពូលថ្នាក់រដ្ឋមន្ត្រី លើកទី៧ ត្រូវបានសហការរៀបចំដោយក្រសួងសុខាភិបាលហ្វីលីពីន ធនាគារអភិវឌ្ឍន៍អាស៊ី និងអង្គការសុខភាពពិភពលោក ដោយមានការចួលរួមពីប្រទេសចំនួន ៧៣ ប្រទេស សរុបចំនួន៥៦១រូប។ កិច្ចប្រជុំក៏មានប្រទេសសមាជិកអាស៊ានចំនួន ៥ បានចូលរួម (ប្រ៊ុយណេ ព្រះរាជាណាចក្រកម្ពុជា ឡាវ សាំងហ្គាពួរ និងវៀតណាម)។