Cambodia
ព័ត៌មានលំអិត

Image
កម្មវិធី «រត់ដើម្បីលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ»
ថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ នៅកោះនរា រាជធានីភ្នំពេញ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវសាស្រ្តាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងកម្មវិធី «រត់ដើម្បីលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ» ក្នុងរយៈចម្ងាយចម្ងាយ ៣គីទ្បូម៉ែត្រ និង ៥គីទ្បូម៉ែត្រដោយមាអ្នកចូលរួមជិត១០០០នាក់។  

កម្មវិធីរត់ដើម្បីលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយនេះ ត្រូវបានរៀបចំទ្បើងក្នុងគោលបំណងរួមមាន៖ 

១.  លើកកម្ពស់ការយល់ដឹងពីសារ:សំខាន់និងគុណតម្លៃនៃការបំបៅកូនដោយទឹកដោះម្តាយដល់អ្នកចូលរួម និងសាធារណៈជនទាំងមូល។  

២.  ជម្រុញបរិយាកាសអំណោយផលនៅកន្លែងធ្វើការដើម្បីគាំទ្រ ការពារនិងលើកកម្ពស់ម្តាយដែលបំបៅដោះកូន។ 

៣. បង្កើនការយល់ដឹងពីសារសំខាន់និងគុណតម្លៃនៃការបំបៅកូនដោយទឹកដោះម្តាយឱ្យកាន់តែទូលំទូលាយតាមរយ:បណ្តាញសង្គម។

លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការ បានគូសរំលេចថា ដោយមើលឃើញគុណតម្លៃមហាសាលរបស់ទឹកដោះម្តាយ ក្រសួងសុខាភិបាលមានគោលនយោបាយចំនួនបីក្នុងការជំរុញលើកកម្ពស់ គាំទ្រ និងការពារ ការបំបៅកូនដោយទឹកដោះម្តាយគឺ៖ ការចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយភ្លាមក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាល ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រយៈពេល៦ខែដំបូងនៃជីវិត និងបន្តបំបៅកូនដោយទឹកដោះម្តាយរហូតកុមារអាយុ២ឆ្នាំឬលើស ជាមួយនឹងការផ្តល់អាហារបន្ថែមនៅពេលកុមារមានអាយុចាប់ពី៦ខែឡើងទៅ ដោយផ្តល់អាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ និងមានសុវត្ថិភាពសមស្របតាមអាយុរបស់កុមារ។

ទន្ទឹមនឹងនេះដែរ លោកជំទាវសាស្រ្តាចារ្យ រដ្ឋលេខាធិការ បន្ថែមថា ដើម្បីឱ្យម្តាយអនុវត្តន៏បាននូវការបំបៅដោះកូនមានប្រសិទ្ធភាពខ្ពស់ បុគ្គលិកមណ្ឌលសុខភាពទាំងអស់ត្រូវចាប់ផ្តើមផ្តល់ប្រឹក្សាការបំបៅកូនដោយទឹកដោះម្តាយនៅពេលស្ត្រីមកពិនិត្យផ្ទៃពោះលើកទី១ និងបន្តផ្តល់ប្រឹក្សាការបំបៅកូនដោយទឹកដោះម្តាយរាល់ពេលស្រ្តីមកពិនិត្យរៀងរាល់លើក។ លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការបន្តថានៅពេលការបំបៅកូនដោយទឹកដោះម្តាយបានរយៈពេលបីខែស្រ្តីត្រូវត្រលប់ចូលធ្វើការវិញ ស្ត្រីត្រូវមានចំណេះដឹងលើរបៀបច្របាច់ និងរក្សាទុកទឹកដោះម្តាយសម្រាប់បំបៅកូន។ នៅពេលកុមារអាយុបាន៦ខែ ម្តាយត្រូវបន្តបំបៅកូនដោយទឹកដោះម្តាយជាមួយនឹងការផ្តល់អាហារបន្ថែមមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ និងមានសុវត្ថិភាព។ 

លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការបានចង្អុលបង្ហាញ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក សហការជាមួយអង្គការ Helen Keller International និងដៃគូដទៃទៀតក្នុងការបណ្តុះបណ្តាលជំនាញផ្តល់ប្រឹក្សាដល់បុគ្គលិកមណ្ឌលសុខភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ដើម្បីបន្តផ្តល់ប្រឹក្សាដល់ស្រ្តីមានផ្ទៃពោះកាន់តែប្រសើរ។ ប្រសិនបើម្តាយបានយល់ច្បាស់ពីគុណតម្លៃ និងផលប្រយោជន៍ការបំបៅកូនដោយទឹកដោះម្តាយនៅអំឡុងការពិនិត្យផ្ទៃពោះលើកទីមួយ និងជាបន្តបន្ទាប់ ស្រ្តីពិតជាបំបៅកូនដោយទឹកដោះម្តាយ និងមិនបំបៅដោយទឹកដោះគោម្សៅនោះទេ ព្រោះពួកគេចង់បានទារកមានសុខភាពល្អណាស់។ 

«កម្មវិធីរត់ដើម្បីលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយនេះ» មានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ សីឡូ អគ្គលេខាធិការ នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លោកស្រីសាស្រ្តាចារ្យជំនួយ គឹម រ័ត្ននា ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងលោក ហ៊ូ ក្រើន នាយកអង្គការ Helen Keller International និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀតដូចជា Johanniter Cambodia, GIZ-MUSEFO, Alive & Thrive, FAO, RACHA និងបណ្តាញអ្នកសារព័ត៌មានមួយចំនួនទៀត។ កម្មវិធីរត់ដើម្បីលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយនេះត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នៃក្រសួងសុខាភិបាលសហការជាមួយ អង្គការ Helen Keller International និងគាំទ្រថវិកាដោយThe Church of Jesus Christ of Latter-day Saints តាមរយ:គម្រោង Transforming Lives Through Nutrition និង អង្គការJohanniter-Cambodia។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19