ខេត្តព្រៃវែង៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងទទួលបានការចង្អុលបង្ហាញពី ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការ និងជាក្រុមការងារទទួលបន្ទុកជួយពង្រឹងគុណភាពសេវាមណ្ឌលសុខភាព នៅក្នុងខេត្តចំនួន៧ (ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី) អមដំណើរដោយ ឯកឧត្តមវេជ្ជបណ្ឌិត ឈរ កក្កដា អនុរដ្ឋលេខាធិការ ទទួលបន្ទុកខេត្តស្វាយរៀង និងខេត្តព្រៃវែង បានចុះពិនិត្យស្ថានភាពសុខាភិបាលថ្នាក់មណ្ឌលសុខភាពចំនួន០៨កន្លែង នៃស្រុកប្រតិបត្តិព្រៃវែង ពារាំង កំពង់ត្របែក និងស្រុកប្រតិបត្តិព្រះស្តេច ដើម្បីពិនិត្យ និងជំរុញការកែលម្អគុណភាពសេវាមណ្ឌលសុខភាពនៃព្រះរាជាណាចក្រកម្ពុជា។
ការចុះត្រួតពិនិត្យនេះផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖
១) ការជំរុញបង្កើនការថែទាំសុខភាពបឋម (PHC-BIF) នៅតាមមូលដ្ឋានសុខភាពសាធារណៈ និងនៅក្នុងសហគមន៍
២) ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុង និងជុំវិញមណ្ឌលសុខភាព
៣) ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ
៤) ការបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ
៥) ការគ្រប់គ្រង និងការអភិវឌ្ឍន៍ធនធានមនុស្ស
៦) ការបណ្តុះបណ្តាលបន្ថែមលើបច្ចេកទេស និងប្រព័ន្ធឌីជីថល
៧) ការគ្រប់គ្រងឱសថ និងសម្ភារៈបរិក្ខារ និង
៨) ការបំពេញការងារ និងប្រចាំការ ២៤ម៉ោង/៧ថ្ងៃ។
សូមបញ្ជាក់ថាក្នុងដំណើរបេសកកម្មនេះ លោកជំទាវរដ្ឋលេខាធិការ និងក្រុមការងារបានចុះពិនិត្យ និងជំរុញការកែលម្អគុណភាពសេវាមណ្ឌលសុខភាពចំនួន ០៨កន្លែងនៅក្នុងខេត្តព្រៃវែង ក្នុងនោះរួមមាន៖
- មណ្ឌលសុខភាព ជាស៊ីមកំពង់លាវ និងតាកោ នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រៃវែង
- មណ្ឌលសុខភាព កំពង់ពពីល និងរាប នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពារំាង
- មណ្ឌលសុខភាព ព្រៃឈរ និងប្រាសាទ នៃការិយាល័យសុខាភិបាលកំពង់ត្របែក និង
- មណ្ឌលសុខភាព ល្វា និងរំចេក នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រះស្តេច។
ក្នុងការចុះពិនិត្យនោះដែរក៏មានការចូលរួមសម្របសម្រួលពី ឯកឧត្តមវេជ្ជបណ្ឌិត សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង និងអនុប្រធានមន្ទីរសុខាភិបាល ប្រធាន និងអនុប្រធានការិយាល័យស្រុកប្រតិបត្តិទាំង៤ និងមានការចូលរួមសហការពីសំណាក់អភិបាលរងក្រុង-ស្រុក និងមេឃុំ ផងដែរ។