ខេត្តរតនគិរី៖ នៅថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនិងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកវើនសៃ ក្នុងឱកាសទៅចូលរួមកិច្ចប្រជុំក្រុមការងារចុះជួយមូលដ្ឋានស្រុកវើនសៃ បានចុះទៅពិនិត្យស្ថានភាព នៃមណ្ឌលសុខភាពភ្នំកុក និងវើនសៃ នៃការិយាល័យស្រុកប្រតិបត្តិបានលុង។
ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងជួយគាំទ្រជំរុញលើកទឹកចិត្ត និងពង្រឹងការផ្តល់សេវាថែទាំនិងព្យាបាលសុខភាពបថម ប្រកបដោយ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព ដល់ប្រជាពលរដ្ឋមូលដ្ឋាន។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមអនុរដ្ឋលេខាធិការក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ដែលបានខិតខំបំពេញការងារផ្តល់សេវាថែទាំនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងគុណវុឌ្ឍិ។
សូមបញ្ជាក់ផងដែរថា ការចុះពិនិត្យមានការចូលរួមអមដំណើរដោយ លោក យ៉ា សុធា អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ជា សានិត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី លោកវេជ្ជបណ្ឌិត ញ៉ែម សុភី ប្រធានការិយលាល័យស្រុកប្រតិបត្តិបានលុងខេត្តរតនគិរី ផងដែរ។