រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) រួមជាមួយ ឯកឧត្តម ហ៊ុល បុណ្ណារ័ត្ន អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុលនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ អំពីការពិនិត្យ និងគាំទ្រវាយតម្លៃការអនុវត្តការងាររបស់គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) ដោយក្រុមបេសកកម្មគាំទ្របច្ចេកទេស នៃធនាគារពិភពលោក ក្នុងអំឡុងពេលបំពេញបេសសកម្មលើកទី៥ នៃគម្រោង H-EQIP 2 ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ កន្លងមកនេះ។
គោលបំណង នៃកិច្ចប្រជុំ៖
- ពិនិត្យលទ្ធផលការងារដែលក្រុមបេសកកម្មបានរកឃើញ
- ពិភាក្សារកដំណោះស្រាយនូវបញ្ហាប្រឈមនានា
- ពិនិត្យទៅលើចំណុចដែលត្រូវឯកភាពទៅលើសកម្មភាពការងារជាបន្តបន្ទាប់ទៀត
- ផុ្តល់ជំរុញដល់ការអនុវត្តគម្រោងឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា
- ពិនិត្យ និងបំពេញបន្ថែម នូវចំណុចដែលខ្វះខាត
ជាលទ្ធផលរួម ក្រុមការងារបេសកកម្ម នៃធនាគារពិភពលោកបានរកឃើញថា មានវឌ្ឍនភាព និងសម្រេចបានតាមដំណាក់កាលបន្តបន្ទាប់ ដូចបានឯកភាពគ្នានាពេលកន្លងមក ដែលជាទិដ្ឋភាពទូទៅ គឺការងាររបស់គម្រោងទទួលបានលទ្ធផលល្អ និងបញ្ហាប្រឈមមួយចំនួនត្រូវដោះស្រាយ ព្រមទាំងបានកំណត់ទិសដៅសម្រាប់ជំហានបន្ទាប់ ដើម្បីជំរុញការងារឱ្យបានកាន់តែល្អប្រសើរ និងសម្រេចតាមផែនការដែលបានគ្រោងទុក។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកអគ្គនាយបច្ចេកទេសុខាភិបាល ឯកឧត្តម ភក្តី សម្បូណ៍ អគ្គនាយកទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ឯកឧត្តម លោក លោកស្រី តំណាងក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍រួមមាន៖ World Bank, KOICA, DFAT, GFF, KfW ។