រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃចន្ទ ១០ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) និងកិច្ចសន្ទនារវាងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម ដើម្បីលើកកម្ពស់ឱកាសវិនិយោគ ការនាំចេញ និងភាពជាដៃគូ នៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
វេទិកានិងពិព័រណ៍កសិកម្ម (CAFE25) គឺជាបណ្តុំនៃព្រឹត្តិការណ៍ប្រកបដោយកម្មវិធីជាច្រើន ដែលនឹងត្រូវរៀបចំឡើងក្នុងឆ្នាំ២០២៥នេះ ក្រោមការដឹកនាំរៀបចំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការសហការពី FAO ដៃគូរអភិវឌ្ឍន៍ និងវិស័យឯកជន។
គោលបំណងនៃវេទិកា រួមមាន៖
១) ប្រកាសបើកជាផ្លូវការវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25)
២) បង្កើតវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ដើម្បីស្វែងយល់និងប្រមូលផ្តុំនវានុវត្តន៍ ការវិនិយោគ និងកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងវិស័យកសិកម្មនៅកម្ពុជា
៣) ផ្សព្វផ្សាយផែនទីបង្ហាញផ្លូវនៃកម្រងកម្មវិធីនានារបស់វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ព្រមទាំងលើកទឹកចិត្តឲ្យមានការចូលរួម កិច្ចគាំទ្រ និងការរួមចំណែករបស់បណ្តាក្រសួង ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងភាគីពាក់ព័ន្ធផ្សេងៗ។
៤) កំណត់ពីតម្រូវការវិនិយោគជាក់លាក់ សម្រាប់ប្រភេទមុខទំនិញកសិផល។
វេទិកានេះមានអ្នកចូលរួមប្រមាណ៥០០នាក់ រួមមាន មន្ត្រីរាជរដ្ឋាភិបាល អ្នកតាក់តែងគោលនយោបាយ និងតំណាងមកពីវិស័យឯកជន សមាគមធុរកិច្ច វិនិយោគិន ស្ថាប័នហិរញ្ញវត្ថុ ស្ថានទូត អង្គការពាណិជ្ជកម្ម ដៃគូអភិវឌ្ឍន៍ សហគមន៍កសិកម្ម ស្ថាប័នស្រាវជ្រាវ និងផ្នែកសិក្សាធិការនានា។