ដោយទទួលបានការចាត់តាំងជាតំណាងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមពិធីប្រកាសជាផ្លូវការ ដាក់ឱ្យអនុវត្តន៍នូវ “កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា ២០២៥-២០២៨” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ ក្នុងរាជធានីភ្នំពេញ។
បន្ទាប់ពីការថ្លែងស្វាគមន៍ និងសង្ខេបខ្លឹមសារនៃកម្មវិធីពិសេសជំរុញការវិនិយោគនេះ ដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗសម្រាប់ការអនុវត្ត មានជាសង្ខេបដូចខាងក្រោមនេះ៖
១. ការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគនៅភូមិភាគ ឦសាននេះ គឺជាសក្ខីភាពនៃឆន្ទៈនយោបាយយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងកិច្ចខិតខំប្រឹងប្រែង ការពារសន្តិភាព ស្ថិរភាព ឯករាជ្យភាព និងបូរណភាពទឹកដី ក៏ដូចជាការខិតខំពង្រីក និងជំរុញកំណើនសេដ្ឋកិច្ចនៅគ្រប់តំបន់ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា
២. ស្វែងយល់ឱ្យបានស៊ីជំរៅនូវទិដ្ឋភាពទូទៅនៃបណ្តាខេត្តក្នុងតំបន់ភូមិភាគឦសាន (ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរិ) និងសក្តានុពលនានាដែលជំរុញការវិនិយោគបានប្រសើរ
៣. ប្រើប្រាស់នូវសក្តានុពល ដែលមាននៅក្នុងតំបន់ភូមិភាគឦសាន និងដោះស្រាយបញ្ហាប្រឈមចម្បងៗ មានដូចជាការមិនទាន់ទាញយកប្រយោជន៍ក្នុងភូមិភាគឦសាន មកពីឧបសគ្គក្នុងការទាក់ទាញវិនិយោគិន និងភាពទាក់ទាញភ្ញៀវទេសចរ ភាពប្រកួតប្រជែង អត្រាការប្រាក់ខ្ពស់ បញ្ហាដីធ្លី បញ្ហាសម្បទានដីសេដ្ឋកិច្ចអសកម្ម។ ល។
៤. ត្រូវឈរលើគោលគំនិត និងទស្សនទានគាំទ្រជំរញរវិនិយោគ ដែលបានលើកឡើងទាំង ៣ ប្រភេទគឺ
- វិធានការផ្នែកពន្ធដារ និងពន្ធគយ
- ការផ្តល់ហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យ និង
- ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម ការសម្រួលនិតិវិធី និងការគាំទ្រសកម្មភាពវិនិយោគឯកជន។
៥. ការអនុវត្តសិទ្ធអំណាច និងការសម្រេចនានារបស់គណកម្មការពិសេស ដើម្បីជំរុញការវិនិយោគក្នុងតំបន់ភូមិភាភឦសានដែលត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាល ត្រូវខិតខំជំរុញការវិនិយោគនៅក្នុងតំបន់ទាំងនេះ ព្រមទាំងត្រូវមានការសហការពីរដ្ឋបាលខេត្ត ក្នុងការសម្របសម្រួលនិតិវិធី ឱ្យខ្លី ដោយ “កុំឱ្យការធ្វើដំណើរ ៧ម៉ោង ក្លាយទៅជា ២០ម៉ោង” ដោយសារតែការរងចាំនីតិវិធីនេះឱ្យសោះ។
៦. គណៈកម្មការពិសេស និងរដ្ឋបាលខេត្តភាគឦសានទាំង៤ ត្រូវបង្កលក្ខណៈងាយស្រួល និងបញ្ចប់នូវរាល់ឧបសគ្គទាំងឡាយ ដើម្បីធ្វើយ៉ាងណាសម្រួលដល់ការទៅបណ្ដាក់ទុនវិនិយោគរបស់វិនិយោគិនក្នុងតំបន់។ បើមានការសម្រេចអ្វីមួយពីក្រុមការងារហើយ ត្រូវឱ្យមានសង្គត់ភាពជាមួយគ្នា ពិសេសរដ្ឋបាលខេត្ត ត្រូវយកទៅអនុវត្តតែម្តង ដោយមិនរងចាំការសម្រេចរបស់ខេត្តទៀតនោះឡើយ គឺអ្នកអនុវត្តន៍ អាចយកទៅអនុវត្តន៍បានតែម្តង ដែលជាការជួយពន្លឿននិតិវិធីផងដែរ និងជំរុញការវិយោគដោយវិនិយោគិននៅក្នុងខេត្ត ដោយមិនចាំបាច់រង់ចាំទាល់តែមានអ្នកវិនិយោគមកពីក្រៅប្រទេសនោះឡើយ។
៧. ជំរុញការវិនិយោគឱ្យបានទូលំទូលាយ ច្បាស់លាស់ និងត្រឹមត្រូវ ព្រមទាំងមានកិច្ចសហការល្អជាមួយវិនិយោគិន និងធុរជនទាំងក្នុងស្រុក និងក្រៅប្រទេស ដើម្បីលើកកម្ពស់ការយល់ដឹង និងទាក់ទាញការចូលរួមអនុវត្តន៍ ប្រមូលផ្គុំពីកម្លាំងចលករសំខាន់ៗ ព្រមទាំងគំនិតនវានុវត្តន៍ ដើម្បីបង្កើនភាពទាក់ទាញសម្រាប់វិនិយោគិន ទាំងលើទិដ្ឋភាព និងលទ្ធភាពនៃពាណិជ្ជកម្ម ប្រកបដោយគុណភាពនៃខ្សែច្រវាក់ផលិតកម្ម ដែលផ្សារភ្ជាប់ទៅនឹងទីផ្សារ។