រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងែទី៨ ខែមេសា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការ និងជាសមាជិកក្រុម ក ដែលដឹកនាំដោយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងលោកឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានក្រុមការងារ កសិកម្ម កសិ-ឧស្សាហកម្ម(ក្រុម ក)នៃវេទិការាជរដ្ឋាភិបាលនិងផ្នែកឯកជននៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។
កិច្ចប្រជុំមានបំណងពិនិត្យមើលពីកត្តាប្រឈមនានាដែលផ្នែកឯកជនជួបប្រទះ និងមានសំណូមពរអោយរាជរដ្ឋាភិបាលជួយរកដំណោះស្រាយ ធ្វើយ៉ាងណាអោយកិច្ចសហការរវាងឯកជន និងសាធារណៈក្នុងវិស័យកសិកម្មនេះមានការរីកចម្រើន ពិសេសគឺបង្កើនផលិតផល និងការស្វែងរកទីផ្សារជូនប្រជាកសិករឱ្យបានប្រសើរ។
ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា បានចូលរួមយោបល់ដល់អង្គប្រជុំ អំពីទំនាក់ទំនងយ៉ាងជិតស្និត រវាងវិស័យកសិកម្ម និងសុខភាពរបស់ប្រជាជនតាមរយៈគុណភាពនិងសុវត្ថិភាពចំណីអាហារ សុខភាពរបស់កសិករ និងអ្នកប្រើប្រាស់ ដោយការប្រើជីគីមី និងថ្នាំកសិកម្មមិនបានត្រឹមត្រូវ។ ក្នុងនោះបញ្ហាសុខភាពតែមួយ(សត្វ បរិដ្ឋាន និងមនុស្ស) និងភាពស៊ាំនឹងថ្នាំផ្សះ គឺជាកង្វល់ជាសកលមួយ ដែលគ្រប់គ្នាត្រូវយកចិត្តទុកដាក់ខ្ពស់។