ខេត្តកោះកុង៖ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងទទួលបានការចង្អុលបង្ហាញពី ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ និងលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងនោះថ្នាក់ដឹកនាំក្រសួងសុខាភិបាលដឹកនាំដោយ ឯកឧត្តមសាស្រ្តាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាលរួមជាមួយ និង លោក ស៊្រន សៀវប៉ាវ មន្រ្តីជំនួយការបានចុះទៅពិនិត្យស្ថានភាពនៃមណ្ឌលសុខភាពចំនួន៥ ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកស្រុក១ និងឃ្លាំងឱសថមន្ទីរពេទ្យបង្អែកខេត្ត១ នៅខេត្តកោះកុង។
ការចុះត្រួតពិនិត្យនេះធ្វើឡើងដើម្បីជួយគាំទ្រ ជំរុញលើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌។
ក្នុងបេសកកម្មនេះក្រុមការងារបានជួបប្រជុំជាមួយ ឯកឧត្តម ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង និងមានការអញ្ជើញចូលរួមពិភាក្សាជាមួយថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រែអំបិល និងថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ ហើយពិនិត្យការងារជារួមដោយសង្កត់ធ្ងន់លើ៨ចំណុច៖
១-ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលដោយកែលម្អអគារ និងស្ថានភាពបរិស្ថានជុំវិញមណ្ឌលសុខភាព
២-ធនធានមនុស្សវិស័យសុខាភិបាលដោយពង្រឹងសមត្ថភាពបុគ្គលិក និងការគ្រប់គ្រងធនធានមនុស្ស
៣-ការគ្រប់គ្រងការចែកចាយឱសថ និងវ៉ាក់សាំងរួមទាំងការបំពាក់សម្ភារៈបរិក្ខារពេទ្យបនែ្ថម និងការគ្រប់គ្រងឱសថ
៤-លទ្ធភាពគ្រប់គ្រងក្នុងការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ
៥-ការបំពេញការងារប្រចាំការនិងបម្រើសេវា២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សបា្តហ៍
៦-ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺពិសេសមធ្យោបាយសេវាបញ្ជូននិងប្រព័ន្ធទំនាក់ទំនង
៧-ស្វែងរកបញ្ហាឱ្យឃើញ និងដោះស្រាយឱ្យចំគោលដៅ
៨-ការធ្វើបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរង ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
គួរបញ្ជាក់ផងដែរ ថាមណ្ឌលសុខភាពនិងឃ្លាំងឱសថមន្ទីរពេទ្យបង្អែក ដែលចុះត្រួតពិនិត្យមានដូចជាឃ្លាំងឱសថមន្ទីរពេទ្យបង្អែកខេត្តកោះកុង ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល និងមណ្ឌលសុខភាព បឹងព្រាវ តានូន ថ្មស ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រែអំបិល និងមណ្ឌលសុខភាព ស្ទឹងវែង ស្មាច់មានជ័យ ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ។