Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី៖ «ថ្នាក់ដឹកនាំមិនមែនសម្រេចកិច្ចការបាន ដោយត្រឹមតែការចរចារនោះទេ គឺបន្ថែមពីនោះទាមទារនូវសមត្ថភាពពិចារណាគិតគូរយ៉ាងល្អិតល្អន់ប្រកបដោយភាពត្រឹមត្រូវ»
ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែមេសា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត។ ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក និងលោក លោកស្រី ចាប់ពីប្រធានការិយាល័យ និងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ចូលរួមតាមរយៈប្រព័ន្ធអនឡាញ (Zoom)។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ និងចូលរួមបំពេញការងារប្រចាំការ និងឆ្លើយតប ក្នុងការពង្រឹងការបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងករណីមានហានិភ័យកើតឡើងពេលណាមួយជាយថាហេតុ។ ឯកឧត្តមសាស្ត្រាចារ្យ បានលើកអំពីសមិទ្ធផលក្នុងត្រីមាសទី១ក្នុងឆ្នាំថ្មីនេះ វិស័យសុខាភិបាល មានការឈានឆ្ពោះកាន់តែល្អប្រសើរ ដែលក្នុងនោះ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមណ្ឌលសុខភាព ត្រូវបន្តពង្រឹងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីឱ្យកាន់តែមានការរឹងមាំ និងគត់មុតសម្រាប់កម្រិតថ្នាក់ជាតិ និងកម្រិតអន្តរជាតិទៅថ្ងៃខាងមុខ។

ជាកិច្ចបន្ទាប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំនាយកដ្ឋាននិមួយៗ ចែករំលែកវឌ្ឍនភាព និងកត្តាប្រឈម តាមរយៈរបាយការណ៍សកម្មភាពការងារដែលបានធ្វើកន្លងមក។ ទន្ទឹមនឹងនេះផងដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ និងការណែនាំ នូវចំណុចសំខាន់ៗមួយរួមមាន៖ ១) សូមខិតខំបង្កើនស្មារតីក្នុងការបំពេញការងារប្រកបដោយនវានុវត្តន៍ ២) ត្រូវយកចិត្តទុកដាក់ក្នុងការបម្រើសេវា ការផ្តល់ជូនឱសថព្យាបាលតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនូវជំងឺមិនឆ្លង (ជំងឺលើឈាម ជំងឺទឹកនោមផ្អែម និងជំងឺមហារីក) និងតាមដានជំងឺឆ្លង (ជំងឺកញ្ច្រឹលជាដើម)  ដែលស្របតាមយន្តការរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ៣) បណ្តាអង្គភាពក្រោមក្រសួងសុខាភិបាល ត្រូវត្រៀមលក្ខណៈប្រុងប្រយ័ត្នបញ្ហាគ្រោះធម្មជាតិជាយថាហេតុ និងការងារជួយសង្គ្រោះភ្លាមៗ តាមតម្រូវការជាក់ស្តែង។

ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលនៅតាមមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ ជួយសម្របសម្រួលដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលមានជំងឺរ៉ាំរ៉ៃ ឬពុំមានលទ្ធភាព មកទទួលសេវាសុខភាព។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19