Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី «ផ្នែកវេជ្ជសាស្រ្តបូរាណ ជាផ្នែកសំខាន់មួយក្នុងវិស័យសុខាភិបាល ដែលត្រូវបង្កើនការយកចិត្តទុកដាក់ពង្រឹង និងពង្រីកបន្ថែមទៀត»
ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ពស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យវឌ្ឍនភាពការងារនៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ដើម្បីផ្តល់ជាជំរុញលើកទឹកចិត្ត និងផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្នុងការបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត។ 

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមជ្ឈមណ្ឌលជាតិ ដែលកំពុងបំពេញការងារ។ ឯកឧត្តមសាស្រ្តាចារ្យ បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីនៃមជ្ឈមណ្ឌលជាតិ ត្រូវបង្កើនសមត្ថភាពរបស់ខ្លួន ដោយត្រូវបង្កើនសមត្ថភាពស្រាវជ្រាវអំពីផ្នែកវេជ្ជសាស្រ្តបុរាណ និងបង្កើនកិច្ចសហការជាមួយប្រទេសជឿនលឿនខាងផ្នែកឱសថបូរាណ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំថា ការដឹង ការស្គាល់ ប្រកបដោយជំនាញច្បាស់លាស់របស់ មន្រ្តីវេជ្ជសាស្រ្តបូរាណ គឺជាការលើកទឹកចិត្ត និងការទាក់ទាញដល់មហាជនទូទៅ ដើម្បីរក្សាការប្រើប្រាស់ឱសថបូរាណនេះឱ្យទូលំទូលាយ និងបន្តថែរក្សាប្រពៃណីវេជ្ជសាស្ត្របូរាណខ្មែរគង់វង្សជាបន្ត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា មជ្ឈមណ្ឌលជាតិ គឺជាផ្នែកមួយក្នុងការរួមចំណែកជួយវិស័យសុខាភិបាល ដែលត្រូវយកចិត្តទុកដាក់ ក្នុងការចូលរួមដើម្បីឆ្ពោះទៅលើកិច្ចការទាំងឡាយ និងត្រៀមខ្លួនជានិច្ចក្នុងការគិតពិចារណាទុកជាមុន ក្នុងការដោះស្រាយរាល់បញ្ហាដែលជួបប្រទះ ដើម្បីដោះស្រាយឱ្យបានជោគជ័យ និងពង្រីកការប្រើប្រាស់វេជ្ជសាស្រ្តបូរាណឱ្យកាន់តែល្អប្រសើរ។

ជាមួយគ្នានេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានឆ្លៀតចុះពិនិត្យដល់និស្សិតដែលសិក្សាផ្នែកឱសថ ដើម្បីផ្តល់ជាការណែនាំ និងគន្លឹះក្នុងការក្លាយខ្លួនជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ព្រមទាំងផ្តល់ជាកម្លាំងចិត្តដល់និស្សិតទាំងអស់ ឱ្យបន្តខំប្រឹងប្រែងស្វែងយល់ក្នុងការសិក្សារៀនសូត្រ ដែលនឹងក្លាយជាយុវជនអ្នកបន្តវេន នៅក្នុងវិស័យសុខាភិបាល។ 

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ដែលតែងតែខិតខំយកចិត្តទុកដាក់ ក្នុងការបម្រើការងារកន្លងមក និងត្រូវមានស្មារតីរួបរួមគ្នា ចេះជួយគ្នា ចែករំលែកគ្នា សាមគ្គីភាព គោរពវិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីអភិវឌ្ឍវិស័យសុខាភិបាល ផ្នែកវេជ្ជសាស្រ្តបុរាណឱ្យកាន់តែប្រសើរឡើង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19