Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមេសា នៃគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមេសា នៃគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្រោមឥណទានកម្ចីសម្បទានពីសាធារណរដ្ឋកូរ៉េ។

កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយករងគម្រោង ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្រុមការងារ ក្រសួងសុខាភិបាល  តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ Economic Development Cooperation Fund (EDCF) ប្រចាំប្រទេសកម្ពុជា  ក្រុមការងារសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល តំណាងក្រុមហ៊ុនទីប្រឹក្សា និងក្រុមការងារក្រុមហ៊ុនសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

គោលបំណង នៃកិច្ចប្រជុំ៖ ១) ពិនិត្យវឌ្ឍនភាពការងារសាងសង់អគារមន្ទីរពេទ្យសាកលវិទ្យាល័យ ២) ពិនិត្យបញ្ហាប្រឈមនានា ៣) ពិភាក្សារកដំណោះស្រាយ ដើម្បីជំរុញការងារឱ្យមានភាពរលូន និង ៤) កំណត់ផែនការបន្ត។ ជាលទ្ធផលអង្គប្រជុំ​ បានពិនិត្យឃើញថា ការងារសាងសង់បានដំណើររលូន និងសម្រេចដូចផែនការដែលបានគ្រោងទុក។

ជាចុងក្រោយ លោកជំទារដ្ឋលេខាធិការ និងជានាយកគម្រោង បានថ្លែងអំណរគុណ Economic Development Cooperation Fund (EDCF) ប្រចាំប្រទេសកម្ពុជា  ដែលបានគាំទ្រគម្រោង សំដៅជំរុញឱ្យដំណើរការគម្រោងប្រព្រឹត្តទៅដោយភាពជោគជ័យ និងបានផ្តល់ជាអនុសាសន៍ផ្សេងៗ ដល់ក្រុមហ៊ុនសាងសង់ ទីប្រឹក្សាគម្រោង និងក្រុមការងារអនុវត្តគម្រោងទាំងអស់ ដើម្បីធានាបានថា សំណង់អគារមន្ទីរពេទ្យសាកលវិទ្យាល័យ មានគុណភាពរឹងមាំ តាមស្តង់ដារអន្តរជាតិ និងការអនុវត្តគម្រោងទាំងមូល មានដំណើការដោយភាពរលូន តាមគោលដៅគ្រោងទុក។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9