Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិភាក្សា អំពីគម្រោងបង្ហាញនៃការពិនិត្យសុខភាពមាត់ស្បូន ដោយប្រើតេស្ត អេច ភី វី (HPV)
ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យកាល់ម៉ែត លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការសម្របសម្រួលក្នុងការពង្រឹងគុណភាពជំងឺមហារីក បានដឹកនាំអង្គប្រជុំពិភាក្សាអំពីគម្រោងបង្ហាញនៃការពិនិត្យសុខភាពមាត់ស្បូន ដោយប្រើតេស្ត អេច ភី វី (HPV) ដែលមានការចូលរួមពីសមាជិកក្រុមការងារពង្រឹងគុណភាពសេវាបង្ការការឆ្លងរោគពីមាតាទៅទារក និងជំងឺមហារីក អនុក្រុមការងារគ្រប់គ្រងកម្មវិធីពិនិត្យរកនិងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន ព្រមទាំងតំណាងសុខភាពពិភពលោក ចំនួន ១៣រូប។ 

គោលបំណងនៃកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីការអនុវត្តគម្រោងបង្ហាញនៃការពិនិត្យសុខភាពមាត់ស្បូនដោយប្រើតេស្ត HPV ដោយផ្តោតលើការជ្រើសខេត្តចំនួន៦ សម្រាប់អនុវត្តគម្រោង រៀបចំឱ្យមានសមាសភាពក្រុមការងារទទួលបន្ទុកកម្មវិធីចាប់ពី ថ្នាក់ក្រសួង ថ្នាក់នាយកដ្ឋាន ថ្នាក់មន្ទីរសុខាភិបាល មន្ទីពេទ្យបង្អែក មណ្ឌលសុខភាព និងជំរុញឱ្យមានការចូលពិនិត្យសុខភាពមាត់ស្បូនក្នុងចំណោមស្ត្រីគោលដៅ ដែលស្ថិតនៅក្នុងតំបន់គ្របដណ្តប់។ 

ក្រោយការពិភាក្សា សមាជិកអង្គប្រជុំបានសម្រេច៖ ១) ជ្រើសយកខេត្តចំនួនប្រាំមួយ ដើម្បីអនុវត្តបង្ហាញការពិនិត្យសុខភាពមាត់ស្បូនដោយប្រើតេស្ត HPV ២) ត្រូវរៀបចំផែនការបណ្តុះបណ្តាលសម្រាប់អ្នកផ្តល់សេវានៅតាមមន្ទីរពេទ្យសម្រាប់គ្រូពេទ្យព្យាបាលនៅតាមមណ្ឌលសុខភាព ក្រុមទ្រទ្រង់សុខភាពភូមិ និងមន្ត្រីនៅមន្ទីរពិសោធន៍ ៣) ត្រូវបង្កើតក្រុមការងារសម្របសម្រួលគម្រោងអនុវត្តន៍បង្ហាញការពិនិត្យសុខភាពមាត់ស្បូនដោយប្រើតេស្ត HPV ។  

លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការ ដឹកនាំអង្គប្រជុំ ក៏បានផ្តល់អនុសាសន៍បន្ថែមដល់សមាជិកក្រុមការងារឱ្យយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលដោយសង្កត់ធ្ងន់ទៅលើគុណភាពការផ្ដល់ប្រឹក្សា ការតាមដានមុននិងក្រោយការធ្វើតេស្ត ដើម្បីធានាថាស្ត្រីអាចចូលរួមក្នុងការធ្វើរោគវិនិច្ឆ័យ ព្រមទទួលការព្យាបាលក្រោយដឹងលទ្ធផលតេស្តវិជ្ជមាន និងត្រូវពង្រឹងឱ្យកាន់តែរឹងមាំទាំងសមត្ថភាពទទួលខុសត្រូវគ្រប់មូលដ្ឋានសុខាភិបាលដែលស្ថិតនៅក្នុងតំបន់គ្របដណ្តប់។ 

ជាកិច្ចបញ្ចប់ លោកជំទាវសាស្ត្រាចារ្យ បានថ្លែងអំណរគុណដល់សមាជិក និងអង្គការដៃគូរអភិវឌ្ឈន៍ទាំងអស់ ដែលបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងចូលរួមយ៉ាងសកម្ម ជាពិសេសក្រុមការងារកម្មវិធីពិនិត្យរក និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូនឱ្យអនុវត្តដោយយកចិត្តទុកដាក់ខ្ពស់បំផុត។

Image 1
Image 2
Image 3
Image 4
Image 5