Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាផ្សព្វផ្សាយគម្រោងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីកំណើនសេដ្ឋកិច្ចជាតិជាបរិយាបន្ន ក្នុងវិសាលភាពនៃការប្ដេជ្ញា អនុវត្តកិច្ចព្រមព្រៀង RCEP ផ្នែកស្តង់ដា បទប្បញ្ញតិបច្ចេកទេស និងនីតិវិធីវាយតម្លៃភាពអនុលោម (STRACAP)
ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦9 ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារក្រសួងសុខាភិបាល ចូលរួមសិក្ខាសាលាផ្សព្វផ្សាយ គម្រោងរៀបចំផែនទី បង្ហាញផ្លូវ ដើម្បីកំណើនសេដ្ឋកិច្ចជាតិជាបរិយាបន្ន ក្នុងវិសាលភាពនៃការប្ដេជ្ញា អនុវត្តកិច្ចព្រមព្រៀង RCEP ផ្នែកស្តង់ដា បទប្បញ្ញតិបច្ចេកទេស និងនីតិវិធី វាយតម្លៃភាពអនុលោម (STRACAP) ក្រោមអធិបតីភាព ឯកឧត្តម ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ។

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងធានាថាភាគីពាក់ព័ន្ធយល់ដឹងរួមអំពីគោលគំនិត និងវិសាលភាពរបស់អ្នកចូលរួមលើ STRACAP ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ(NQI) និងការសម្របសម្រួលពាណិជ្ជកម្ម ព្រមទាំងពង្រឹងសមត្ថភាពរបស់កម្ពុជា ក្នុងការទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs)។ 

លើសពីនេះ សិក្ខាសាលានេះក៏លើកទឹកចិត្តឱ្យមានការសន្ទនាទៅមុខបន្ថែមទៀត និងស្វែងរកផ្លូវសម្រាប់ ការពិភាក្សាលើទិសដៅគោលនយោបាយ NQI/ STRACAP ក្នុងភាពជាដៃគូ និងការសហការនាពេលអនាគត។

ក្រុមការងារដែលបានចូលរួមមាន លោក ទេព កីឡា ប្រធានមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល និងលោក យស់ ពិនសុជីវី អនុប្រធានការិយាល័យនៃនាយកដ្ឋាន ឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់អន្តរក្រសួង តំណាងសមាគមវិស័យឯកជន តំណាងអង្គការមិនមែនរដ្ឋាភិបាល និងតំណាងសមាគមសហគ្រាសខ្នាតតូច និងមធ្យមយ៉ាងច្រើនកុះករ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6