ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ២៥ មេសា ២០២៥ នៅបរិវេណវិទ្យាល័យតេជោ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ក្រោមប្រធានបទ៖ «យើងបញ្ចប់ជំងឺគ្រុនចាញ់ ដោយវិនិយោគឡើងវិញ គិតច្នៃប្រឌិតឡើងវិញ គ្រប់គ្រងឡើងវិញ» “ Malaria Ends With Us: Reinvest, Reimagine, Reignite” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
ឆ្លៀតក្នុងឱកាសនោះដែរទទួលបានការចង្អុលបង្ហាញពី ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ចាប់ពីរសៀលថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត អនុរដ្ឋលេខាធិការ បានបន្តចុះទៅពិនិត្យស្ថានភាព នៃមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ដែលស្ថិតក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្ទឹងត្រែង នៃមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ក្នុងជំហានទី២បន្តទៀត។
ការចុះត្រួតពិនិត្យនេះធ្វើឡើងក្នុងគោលបំណងសំខាន់ ដើម្បីជួយជំរុញការធ្វើឱ្យប្រសើរឡើងការផ្តល់សេវាសុខាភិបាល ឱ្យបានគ្រប់ជ្រុងជ្រោយ ប្រកបដោយគុណភាព ជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តសំណុំសកម្មភាពអប្បបរមា សម្រាប់អភិវឌ្ឍមណ្ឌលសុខភាព ព្រមទាំងជួយគាំទ្រ ជំរុញលើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌ដោយផ្តោតសំខាន់លើចំណុចដូចខាងក្រោម៖
១) ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលដោយ កែលម្អអគារ និងស្ថានភាពបរិស្ថានជុំវិញមណ្ឌលសុខភាព
២) ធនធានមនុស្សវិស័យសុខាភិបាលដោយ ពង្រឹងសមត្ថភាពបុគ្គលិក និងការគ្រប់គ្រងធនធានមនុស្ស
៣) ការគ្រប់គ្រងការចែកចាយឱសថ និងវ៉ាក់សាំងរួមទាំងការបំពាក់សម្ភារៈបរិក្ខារពេទ្យបនែ្ថម និងការគ្រប់គ្រងឱសថ
៤) លទ្ធភាពគ្រប់គ្រងក្នុងការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ
៥) ការបំពេញការងារប្រចាំការ និងបម្រើសេវា ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សបា្តហ៍
៦) ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ ពិសេសមធ្យោបាយសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង
៧) ការបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ
៨) រៀបចំផែនការសកម្មភាព ដោយពិនិត្យទៅលើវឌ្ឍនភាពការងារ
៩) ជំរុញលើកកម្ពស់លើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាបានសន្តិសុខសុវត្ថិភាព
១០) ការបណ្តុះបណ្តាលបន្ថែមលើបច្ចេកទេស និងប្រព័ន្ធឌីជីថល។
ក្នុងឱកាសចុះពិនិត្យស្ថានភាពនៅតាមមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ក្នុងការចុះពិនិត្យនោះដែរ ក៏មានការចូលរួមសម្របសម្រួលពី ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុង សូវៀត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង លោកស្រី អូន ចន្ថា ប្រធាន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្ទឹងត្រែង លោក សុំ ថងយ៉ុ និងលោក ទេព សុវណ្ណាភី ជាមន្ត្រីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្ទឹងត្រែង និងមានការចូលរួមសហការពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ បានចុះទៅមណ្ឌលសុខភាពចំនួន០៤ និងប៉ុស្តិ៍សុខភាពចំនួន២រួមមាន៖
១) មណ្ឌលសុខភាព កោះស្រឡាយ
២) មណ្ឌលសុខភាព សៀមបូក
៣) មណ្ឌលសុខភាព ព្រះរំកិល
៤) មណ្ឌលសុខភាព វាលដេញ
៥) ប៉ុស្តិ៍សុខភាពកាំងចាម
៦) និងប៉ុស្តិ៍សុខភាពសំអាង។