រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្តីពីការដាក់ឱ្យអនុវត្តគម្រោងសម្របសម្រួលជំងឺមហារីករាជធានីភ្នំពេញ។
កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីសម្រេចដាក់អោយអនុវត្តជាផ្លូវការនៃគម្រោងថែទាំជំងឺមហារីកទាំង១២ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ដោយគម្រោងទាំងនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបន្ទុកនៃជំងឺមហារីកដែលកម្ពុជាកំពុងប្រឈមនាពេលបច្ចុប្បន្ន ដោយបង្កើតនូវដំណោះស្រាយដែលមានលក្ខណៈវិទ្យាសាស្ត្រ និងជាប្រព័ន្ធ ដើម្បីធានាបាននូវនិរន្តរភាពនៃធនធាននិងការអនុវត្តន៍ ដែលរួមចំណែកក្នុងការបម្រើដល់ប្រយោជន៍រួមសម្រាប់មនុស្សជាតិទាំងបច្ចុប្បន្ន និងអនាគត។
គួរបញ្ជាក់ផងដែរ ក្រសួងសុខាភិបាលដោយមានការគាំទ្រពីអង្គការ City Cancer Challenge និងការចូលរួមពីមន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរពេទ្យដែលមានផ្ដល់សេវាស្រាវជ្រាវនិងព្យាបាលជំងឺមហារីកនៅរាជធានីភ្នំពេញ អង្គការសង្គមស៊ីវិល(CSO) និងដៃគូអភិវឌ្ឍន៍ បានរៀបចំបង្កើតនូវផែនការសកម្មភាពសម្រាប់គ្រប់គ្រងជំងឺមហារីកដែលសរុបមានចំនួន ១២គម្រោង និងលទ្ធផលរំពឹងទុក(Outputs)ចំនួន២៧។
ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា ក្នុងនាមឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកក្រុមការងារសម្របសម្រួលជំងឺមហារីករាជធានីភ្នំពេញ តំណាងមន្ទីរពេទ្យជាតិ ស្ថាប័នពាក់ព័ន្ធ និងអង្គការជាដៃគូ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាដ៏មានសារៈសំខាន់នេះ ជាពិសេសអង្គការ City Cancer Challenge ដែលបានចូលរួមសហការគាំទ្រជាមួយក្រសួងសុខាភិបាល។