រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន គ.ថ.ព.វ.ជ. បានដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលសម្រាប់ការថែទាំ និងព្យាបាលវេជ្ជសាស្ត្រថ្នាក់ជាតិនៃក្រសួងសុខាភិបាល នៅទីស្តីការក្រសួងសុខាភិបាល និងតាមរយៈប្រព័ន្ធអនឡាញ (ZOOM) ។
កិច្ចប្រជុំនេះមានគោលបំណងក្នុងការពិនិត្យសម្រេចលើការចងក្រងសៀវភៅមគ្គុទេសក៍ព្យាបាលវេជ្ជសាស្រ្ត ចំនួន ៥ផ្នែក (ក្នុងនោះរួមមាន ផ្នែកវេជ្ជសាស្ត្រ សល្យសាស្ត្រ សម្ភពនិងរោគស្ត្រី វេជ្ជសាស្ត្រកុមារ និងផ្នែកទន្តសាស្ត្រ) និងគោលការណែនាំសម្រាប់អភិវឌ្ឍមន្ទីរពេទ្យបង្អែក (CPA) ដែលត្រូវត្រៀមបោះពុម្ពនាពេលឆាប់ៗខាងមុខនេះ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងសុខាភិបាល លោក លោកស្រីវេជ្ជបណ្ឌិត ដែលជាសមាជិកនៃអនុគណៈកម្មការ និងតំណាងអង្គការដៃគូអភិវឌ្ឍន៍។