រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល ទទួលបន្ទុកគុណភាពសេវាមន្ទីរពេទ្យ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យនូវវឌ្ឍនភាពនៃការអនុវត្តការងារលើកកម្ពស់គុណភាពសេវាសុខាភិបាល របស់ការិយាល័យធានាគុណភាពសុខាភិបាល នៃនាយកដ្ឋានមន្ទីរពេទ្យ។
ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគុណភាពសេវាសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋលេខាធិការ បានសំដែងការកោតសរសើរដល់ក្រុមការងារជំនាញ ដែលសម្រេចបានជាលទ្ធផលវិជ្ជមានជាច្រើន បន្តបន្ទាប់ ដោយបាន និងបន្តចូលរួមយ៉ាងសកម្មជាមួយគ្រប់ដែគូអភិវឌ្ឍន៍ ក្នុងទិសដៅជម្រុញការផ្តល់សេវាសុខាភិបាល អោយកាន់តែទទួលបាននូវគុណភាពប្រកបដោយប្រសិទ្ធិភាព និងសុវត្ថិភាព និងបន្តអនុវត្តជាប់ជាប្រចាំតម្កល់ជាអាទិភាពការងារលើកកម្ពស់គុណភាពសេវាសុខាភិបាលទៅដល់គ្រប់មូលដ្ឋានសុខាភិបាល ពិសេសមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក និងខេត្ត ដែលមានដូចជា៖
១-ការធ្វើបច្ចុប្បន្នភាពនូវឧបករណ៍វាយតម្លៃគុណភាពសេវារបស់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក បានធ្វើឡើងជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០០៧ រហូតមកដល់បច្ចុប្បន្ននេះ មានដូចជា៖ ការវាយតម្លៃកម្រិត១ (២០០៧-២០១៣) ការវាយតម្លៃកម្រិត២ (២០១៤-២០១៦) និងការតាមដានការកែលម្អគុណភាពសេវាសុខាភិបាលដំណាក់កាលទី១ (២០១៧-២០២២) ការតាមដានការកែលម្អគុណភាពសេវាសុខាភិបាលដំណាក់កាលទី២ (២០២៣-២០២៧)។
គួរកត់សម្គាល់ថា ការវាយតម្លៃមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ខេត្ត ត្រូវបានប្រើប្រាស់ឧបករណ៍តាមដានការកែលម្អគុណភាពសេវាសុខាភិបាល (ដំណាក់កាលទី២) និងបានអនុវត្តចំនួន៣ជុំរួចមកហើយ ក្នុងឆ្នាំ២០២៣-២០២៤។ ចំណែកឯការវាយតម្លៃជុំទី៤ ទើបតែត្រូវបានបញ្ចប់នៅពាក់កណ្តាលខែមេសា ឆ្នាំ២០២៥ ។
២-ការរៀបចំប្រព័ន្ធទទួលស្គាល់គុណភាពសេវាសុខាភិបាល (Healthcare Accreditation System) ដែលសម្រេចបាននូវស្ដង់ដានៃការទទួលស្គាល់គុណភាពសេវាមន្ទីរពេទ្យ និងស្តង់ដាសេវាមណ្ឌលសុខភាព និងបន្តអនុវត្តកិច្ចការបណ្តុះបណ្តាលបន្ត។
៣-រៀបចំឧបករណ៍វាយតម្លៃ និងអនុវត្តនូវការវាយតម្លៃគុណភាពប្រចាំឆមាស របស់គម្រោងអាហារូបត្ថម្ភកម្ពុជា ។
៤-ចូលរួមក្នុងកម្មវិធីការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ សម្រាប់មូលដ្ឋានព្យាបាល និងថែទាំសុខភាព។
៥-ចូលរួមក្នុងការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។
៦-បានរៀបចំបង្កើតនូវប្រព័ន្ធឌីជីថលសម្រាប់ការស្ទង់មតិស្តីពីការពេញចិត្តរបស់អ្នកជំងឺ/ក្រុមគ្រួសារ និងអតិថិជន និងបានដាក់ឱ្យអនុវត្តនៅទូទាំងប្រទេសចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងមក។
ជាទីបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ បានណែនាំឱ្យក្រុមការងារបន្តខិតខំអនុវត្តការងារកែលម្អគុណភាពនេះ ដោយបន្តស្វែងរកដៃគូអភិវឌ្ឍន៍ ចូលរួមបន្ថែម ជាបន្តទៀត ធ្វើយ៉ាងណា ដំណើរនៃការថែទាំព្យាបាលត្រូវតែបន្តទៅមុខក្នុងរបត់ «គុណភាព ប្រសិទ្ធភាព និងភាពជឿទុកចិត្ត»។